(ភ្នំពេញ)៖ អ្នកនយោបាយវ័យក្មេង ពោរពេញដោយថាមពល និងសមត្ថភាពកញ្ញា ធី សុវណ្ណថា ប៉ុន្មានឆ្នាំមកនេះ ហាក់មានភាពរវល់ខ្លាំង ស្ទើរដកខ្លួនមិនរួច ក្នុងការងារសង្គម ទាំងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ និងការងារផ្សេងៗ ដោយរាល់សកម្មភាពរបស់នាង តែងតែត្រូវបានទទួលការកោតសរសើរពីថ្នាក់លើ និងបងប្អូនប្រជាពលរដ្ឋជាច្រើន។ យ៉ាងណាមិញ មួយរយៈក្រោយមកនេះ កញ្ញា ធី សុវណ្ណា បានធ្វើឲ្យអ្នកស្គាល់នាង មានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានបន្ថែមអាជីពពីលើអ្នកនយោបាយ ទៅចូលប្រឡូកខ្លួនការងារសិល្បៈវិញម្តង ហើយអ្វីដែលពិសេសនោះ នៅខាងមុខឆាប់​ៗ នេះ នាងនឹងចេញទៅប្រកួតសម្រស់នៅប្រទេសកូរ៉េថែមទៀត។ ដោយឡែក ប្រាកដជាមានមហាជនមិនតិចទេ មានចម្ងល់ថា មូលហេតុអ្វីទើបធ្វើឲ្យ កញ្ញា ធី សុវណ្ណថា ចូលខ្លួនក្នុងសិល្បៈបែបនេះ ឬមួយក៏ការងារសិល្បៈស្រួលរកលុយ?

ជាក់ស្តែង តាមរយៈការថ្លែងប្រាប់ តាមការសាកសួរ ពីសំណាក់ពិធីករ និងពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Khmertalking កញ្ញា ធី សុវណ្ណថា បានប្រាប់ពីមូលហេតុជាច្រើន ដែលជាកត្តាធ្វើឲ្យនាងចូលសិល្បៈ ដោយក្នុងនោះនាងថា «ចា៎បង! សម្រាប់ខ្ញុំផ្ទាល់ការងារសិល្បៈគឺ ខ្ញុំចង់ចូលយូរមកហើយ តាំងពីនៅក្មេងមកម្លេះ ប៉ុន្តែមិនទាន់មានឱកាស ហើយឥលូវខ្ញុំ​មានកម្មវិធីមួយ គឺ «Qqueen of the Spa» ក៏ចាប់អារម្មណ៍ចូលរួម ហើយឥលូវរៀងទំនេរផង គឺចូលរួមតែម្តងទៅ»

ដោយឡែក បើងាកមកកំរៃក្នុងការងារសិល្បៈវិញ កញ្ញា ធី សុវណ្ណថា បាននិយាយថា «មិនផ្តោតទៅលើទេ តែបើរកបានច្រើនក៏ល្អដែរ ប៉ុន្តែយើងចូលដោយចិត្តស្រលាញ់ យើងចង់ចូលរួមក្នុងការលើកស្ទួយវិស័យសិល្បៈ ដូច្នេះបើថា មានការចំណាយដើម្បីឲ្យសិល្បៈរីកចម្រើនខ្លាំង ខ្ញុំក៏ចូលរួមបានទៀត....អ្វីដែលសំខាន់ ព្រោះខ្ញុំស្រលាញ់ នឹង ខ្ញុំចង់លើកស្ទួយវិស័យសិល្បៈ ទី១ សិល្បៈវប្បធម៌ជាតិ និងផ្នែកវិស័យកុន»

កញ្ញា ធី សុវណ្ណថា បានសង្កត់ធ្ងន់ថា «ដើម្បីចូលរួមក្នុងការលើកស្ទួយវិស័យសិល្បៈ ខ្ញុំនឹងព្យាយាមហ្វឹកហាត់ឲ្យស៊ាំសិន ហើយកន្លងមកមានក្រុមហ៊ុនខ្លះហៅខ្ញុំថត ប៉ុន្តែខ្ញុំមិនមានពេលគ្រប់គ្រាន់ ប៉ុន្តែពេលខាងមុខទៀតខ្ញុំអត់ទាន់ដឹងទេ»

ជាចុងក្រោយ ទន្ទឹមនឹងវិស័យសិល្បៈកំពុងតែរីកចម្រើនជាបណ្តើរៗហើយនោះ កញ្ញា ធី សុវណ្ណថា បានស្នើរសុំឲ្យសិល្បករ- សិល្បការិនី មានការអត់ធ្មត ដោយពេលខ្លះទទួលបានការរិះគន់ពីទស្សនិកជន ដូច្នេះត្រូវអត់ធ្មតហើយ បន្តកិច្ចការងារសិល្បៈបន្តទៀត។ អ្វីដែលពិសេសនោះ កញ្ញាបានស្នើឲ្យបណ្តាស្ថានីយទូរស្សន៍ ជួយលើស្ទួយវប្បធម៌ខ្មែរ ដោយសុំឲ្យជួយបន្ថែមម៉ោងខ្លះ ក្នុងការចាក់វីដេអូ ល្ខោន ចម្រៀងគ្រប់ទម្រង់ដែលជាប្រពៃណីខ្មែរ។

ចង់ដឹងកាន់តែច្បាស់ថា កញ្ញា ធី សុវណ្ណា បកស្រាយអ្វីខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖