(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសផ្តល់កាដូឆ្នាំថ្មី ជូនប្រជាជពលរដ្ឋ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅតាមបណ្តាខេត្ត តាមផ្លូវជាតិលេខ១ និង លេខ៥ ជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃ នៅមុននិងក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បន្ថែមលើការជិះរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃផងដែរ។
ការប្រកាសផ្តល់កាដូឆ្នាំថ្មី ជូនដល់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ បន្តអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៣,៤០១នាក់ ស្រ្តី ១,៩៤៦នាក់ នៅកោះពេជ្រនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ឡានត្រូវរត់ ហើយដល់ពេលផុតថ្ងៃហ្នឹង ឡាននេះក៏វាឈប់ចេញទៅដែរ គឺមករត់ក្នុងក្រុងវិញ មើលឲ្យវាសប្បាយបន្តិចមើល។ អីចឹងទេ ពួកថៅកែៗដែលដំឡើងថ្លៃ គាត់ត្រូវចាប់បង្ខំឲ្យចុះថ្លៃ បើមិនអីចឹងទេគេចាំជិះរថយន្តក្រុង៦០គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ។ ប៉ុន្តែត្រូវឲ្យមានតៃកុងឡានគ្រប់គ្រាន់ និងឧបត្ថម្ភឲ្យបានច្រើន ព្រោះពួកគាត់ចូលឆ្នាំបែកប្រពន្ធបែកកូនដែរ។ ឯចំពោះឡានរត់ក្នុងក្រុងនៅបន្តដំណើរការដោយឥតគិតប្រាក់ តែសម្រាប់តែថ្ងៃចូលឆ្នាំ៣ថ្ងៃប៉ុណ្ណោះ»។
តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកំណត់ទីតាំងសម្រាប់ប្រជាពលរដ្ឋជិះរថយន្តក្រុងដោយឥតគិតថ្លៃចំនួន៣កន្លែង ដោយនៅផ្លូវជាតិលេខ១ ត្រូវឡើងជិះនៅមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ជិតទីតាំងក្រុមហ៊ុនរថយន្តម៉ែកសឺដេស និងសម្រាប់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ទីតាំងត្រូវឡើងជិះមាន២កន្លែង ដែលទី១ គឺម្តុំអូឌឹម ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវជាតិលេខ៥ និងទី២ គឺឡើងជិះនៅទីលានប្រជាធិបតេយ្យ ផ្លូវជាតិលេខ៥៕