(ភ្នំពេញ)៖ ដើម្បីចែករំលែកចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នករកស៊ី ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានរៀប​ចំសិក្ខាសាលាមួយ ក្នុងន័យធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ អ្នកជំនួញទាំងអស់ចេះ ស្វែងរកឱកាសវិនិយោគក្នុងវិបត្តិសេដ្ឋកិច្ច។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមជាវាគ្មិនពីសំណាក់ អ្នកវិនិយោគដ៏ល្បីល្បាញ ប្រចាំប្រទេស​ចិន គឺលោក Ryan Tsui នាយកផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន CDX។

លោក Tsui ជាវាគ្មិនដែលមានចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការវិភាគបច្ចេកទេស, វិភាគទីផ្សារ និងការគ្រប់គ្រងមូលនិធិ ដោយ​ក្នុង​នោះ​លោកបានចូលរួមយ៉ាងសកម្មក្នុងទីផ្សារនៃប្រទេសចិនដែលរួមមាន៖ ទីក្រុងប៉េកាំង, សៀងហៃ ដែលនេះជាការបង្កើនបទពិសោធន៍របស់លោក កាន់តែ​ខ្លាំងបន្ថែមទៀតទៅលើកការជួញដូរឧបករណ៍និស្សន្ទ និងការបណ្តុះបណ្តាលនានា។

លោក Tsui ថ្លែងឲ្យដឹងថា «ការភ័យខ្លាចក្នុងការវិនិយោគ ភាគច្រើនបណ្ដាលមកពីការខ្វះចំណេះដឹងអំពីទីផ្សារ។ សម្រាប់សិក្ខាសាលាថ្ងៃនេះ ពិត​ជាមានលក្ខណៈពិសេសណាស់ក្នុងការផ្តល់ឱ្យអ្នកចូលរួម ទទួលបាននូវព័ត៌មានសំខាន់ៗដែលត្រូវការក្នុងការជួញដូរ ទាំងការវិនិយោគរយៈពេលខ្លី និង រយៈពេលវែង និងជំរុញឲ្យសិក្ខាកាមអាចអនុវត្តអ្វីដែលពួកគេបានរៀននៅក្នុងការជួញដូរភ្លាមៗផងដែរ»

លោក Tsui បានបន្ថែមថា ការជួញដូរឧបករណ៍និស្សន្ទ មានសមាសធាតុសំខាន់ៗពីរ គឺការវិភាគព័ត៌មានទូទៅ និងការវិភាគបច្ចេកទេស។ ធាតុសំខាន់ៗទាំងពីរនេះ អាចឱ្យវិនិយោគិនជ្រួតជ្រៀបកាន់តែច្បាស់ ពីផលិតផលដែលពួកគាត់កំពុងធ្វើការជួញដូរ និងនិន្នាការសេដ្ឋកិច្ច ហើយអ្វីដែលធ្វើឲ្យការជួញ​ ដូរឧបករណ៍និស្សន្ទកាន់តែលេចធ្លោរនោះ គឺវិនិយោគិននៅតែអាចទទួលបានផលចំណេញ បើទោះបីជាលក្ខខណ្ឌសេដ្ឋកិច្ច មានស្ថានភាពល្អ ឬអាក្រក់ក៏ដោយ៕