(ភ្នំពេញ)៖ ពាណិជ្ជកររបស់ប្រទេសកម្ពុជា-ចិន បានជួបពិភាក្សាគ្នា នៅក្នុងសន្និសីទ «ការផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ឆ្នាំ២០១៨» ដែលជាផ្នែកមួយនៃ ពិព័រណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន លើកទី១ នៅកម្ពុជា ក្នុងគោលបំណង ដើម្បីផ្លាស់ប្ដូរគំនិតយោបល់ ក្នុងការសហការគ្នាជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍធុរកិច្ច និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ។
ក្នុងសន្និសីទនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែកវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា និងគណៈប្រតិភូចិន ដឹកនាំដោយលោកស្រី Chang Qing ប្រធានមជ្ឈមណ្ឌល ផ្ទេរបច្ចេកវិទ្យាអាស៊ាន-ក្វាន់ស៊ី នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
លោកបណ្ឌិត ទឹង ស៊ីនី បានថ្លែងថា «ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក «សន្និសីទ ការផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ឆ្នាំ២០១៨» ដែលសហការរៀបចំ ដោយមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន នៃតំបន់ស្វយ័តខេត្ដក្វាន់ស៊ី ជាមួយមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម»។
អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្មរូបនេះ បានបន្ដថា ការផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើង ដើម្បីផ្ដល់ឱកាសដល់ពាណិជ្ជករ និងភាគីពាក់ព័ន្ធនៃប្រទេសកម្ពុជា និងចិន ជួបគ្នាក្នុងការផ្លាស់ប្ដូរគំនិតយោបល់ បទពិសោធន៍នានា ពាក់ព័ន្ធនឹងធុរកិច្ច និងពិនិត្យពីលទ្ធភាពក្នុងការឈាន ទៅភាពជាដៃគូនៃការអនុវត្ដគម្រោងផ្ទេរបច្ចេកវិទ្យា។
លោកបណ្ឌិតថា ប្រធានបទសន្និសីទនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ សម្រាប់អភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជា តាមរយៈការគិតគូរបន្ថែមទៀត អំពីការបង្កើតឲ្យមានការ ផ្ទេរបច្ចេកវិទ្យាទំនើបៗ និងសមរម្យពីប្រទេសចិន មកអនុវត្ដទៅតាមតម្រូវការទីផ្សារនៅកម្ពុជា ក្នុងការជំរុញឲ្យមានភាពរីកចំរើនពាក់ព័ន្ធ នឹងវិស័យឧស្សាហកម្ម សិប្បកម្ម កសិកម្ម ក៏ដូចជាសេវាកម្ម ជាដើម ផលិតផល និងសម្ភារបច្ចេកវិទ្យាទំនើបៗ ទាំងនោះមានជាអាទិ៍៖
១៖ ផលិតផល និងឧបករណ៍ថ្នាំ សំលាប់សត្វល្អិត ឬសត្វចង្រៃ សម្រាប់ប្រើក្នុងវិស័យកសិកម្ម ដែលទទួលបាន គុណប្រយោជន៍ប្រសើរ។
២៖ ផលិតផលគីមីកសិកម្ម ជាប្រភេទជីកសិកម្ម សម្រាប់ប្រើក្នុងវិស័យកសិកម្ម ដែលមានភាពងាយស្រួលប្រើ និងទទួលបានលទ្ធផលខ្ពស់។
៣៖ ផលិតផល ឫឧបករណ៍អគ្គិសនី ដែលប្រើប្រាស់នូវបច្ចេកវិទ្យាវ័យឆ្លាត។
៤៖ បច្ចេកវិទ្យាកែច្នៃចំណីអាហារ និងកម្មន្ដសាល។
៥៖ ប្រព័ន្ធថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ។
៦៖ ផ្នែកសំណង់ ផ្ដោតទៅលើឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ និងចុងក្រោយ។
ជាមួយគ្នានោះ ប្រធានគណៈកម្មាធិការជាតិ សម្រាប់កិច្ច សហប្រតិបត្តិការ អាស៊ានផ្នែកវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា ក៏បានសំណូមពរដល់ពាណិជ្ជករ នៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាព ក្នុងការសហការគ្នាជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍធុរកិច្ច និងបច្ចេកវិទ្យា ឲ្យកាន់តែមានភាពរីកចំរើន និងដើម្បីចូលរួមចំណែក ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចំរើនផងដែរ៕