(ភ្នំពេញ)៖ លោក ចាង លី ប្រធានក្រុមហ៊ុន «សានយា» ដែលក្រុមហ៊ុនដ៏ធំមួយ នៅក្នុងប្រទេសចិន បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនរបស់លោក គ្រោងនឹងបោះទុនវិនិយោគ ប្រមាណ១ពាន់លានយ័ន ស្មើនឹងប្រមាណ១៦០លានដុល្លារ ទៅលើវិស័យអចលនទ្រព្យ, វិស័យទេសចរណ៍ និងវិស័យជាច្រើនផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ របស់លោក ចាង លី បានធ្វើឡើងក្នុងវេទិកាកិច្ចប្រជុំ កំពូលសកលបណ្តុំ នៃខ្សែសង្វាក់មូលដ្ឋាននៅកម្ពុជា និងកម្មវិធីសម្ពោធ ក្រុមហ៊ុន «សានយា» ខេមបូឌាអ៊ិកឆេន ដោយមានការចូលរួម ពីអ្នកវិនិយោគចិន ជាង២០០នាក់ និងតំណាងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
លោក ចាង លី បានបញ្ជាក់ផងដែរថា ចំពោះទុនវិនិយោគដំបូងនេះ មិនផ្តោតលើវិស័យហិរញ្ញវត្ថុ តែមួយនោះទេ ប៉ុន្តែការវិនិយោគទំហំទឹកប្រាក់ដំបូងនេះ ក៏នឹងផ្តោតលើវិស័យអាកាសចរណ៍ ទេសចរណ៍ និងវិស័យផ្សេងៗ ច្រើនទៀត។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុននឹងធ្វើការទាក់ទាញ ដល់អ្នកវិនិយោគទន់ ដែលជាជនជាតិចិន ឬក៏អ្នកវិនិយោគបរទេសផ្សេងទៀត ឲ្យធ្វើការវិនិយោគនៅកម្ពុជា ដែលធ្វើឲ្យទំហំទឹកប្រាក់ នៃការវិនិយោគទន់មកកម្ពុជា មានចំនួនកាន់ច្រើនបន្ថែមជាងនេះទៀត។
ប្រធានក្រុមហ៊ុន «សានយា» បានអះអាងថា មូលហេតុដែលលោកសម្រេចចិត្ត ធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសារមើលឃើញថា ប្រទេសកម្ពុជាមានភាព អំណោយផល ព្រោះថាកម្ពុជា និងចិន បានធ្វើទំនាក់ទំនងការទូតរវាងគ្នាល្អ។ ជាងនេះ ដោយសារតែមាន អ្នកវិនិយោគចិន មកវិនិយោគទុនមកកម្ពុជាច្រើន ពិសេសនោះនៅតំបន់ខេត្ដព្រះសីហនុ។
លោកបានបញ្ជាក់ថា «តាមរយៈការស្វែងយល់របស់ខ្ញុំ ឃើញថាកម្ពុជា មានលក្ខខណៈអំណោយផលច្រើន សម្រាប់ការធ្វើវិនិយោគច្រើន។ ខ្ញុំបានធ្វើការស្រាវជ្រាវ និងមើលទីផ្សារកម្ពុជា ឃើញល្អមួយសម្រាប់ក្រុមហ៊ុនខ្ញុំ»។
លោក លី បន្ថែមទៀតថា ការធ្វើវិនិយោគរបស់ក្រុមហ៊ុនលោក ផ្តោតលើវិស័យបច្ចេកវិទ្យាថ្មីមួយ ដែលបណ្តាប្រទេសមួយចំនួនមិនទាន់មាន ហើយវិស័យនេះ កំពុងតែពេញនិយម ក្នុងការប្រើប្រាស់នៅលើពិភពលោក។ វិស័យបច្ចេកវិទ្យាថ្មីនេះ ក៏អាចប្រើប្រាស់ទៅលើក វិស័យទេសចរណ៍ វិស័យកសិកម្ម ពាណិជ្ជកម្មបានផងដែរ។
លោកគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យាថ្មីនេះ នឹងធ្វើកាអភិវឌ្ឍលើកវិស័យជាច្រើន ដែលធ្វើការតាមប្រព័ន្ធ Internet។ ក្រុមហ៊ុននឹងធ្វើការផ្សាយ ទៅកាន់ប្រជាជនក៏ដូចជា អ្នកវិនិយោគផ្សេងមកធ្វើការ វិនិយោគនៅកម្ពុជា តាមរយៈអ្នកទំនាញជាច្រើននាក់ ធ្វើការផ្សព្វផ្សាយតាមរយៈប្រព័ន្ធ Internet មានបណ្តាញសង្គមហ្វេសប៊ុក ស្វីតធ័រ ជាដើម -ល-។
លោក ម៉ៃ វុឌ្ឍី ទីប្រឹក្សាសម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា ការធ្វើវេទិកាប្រជុំកំពូល ក៏ដូចជាការដាក់សម្ភោធក្រុមហ៊ុន «សានយា» របស់ប្រទេសចិនថ្ងៃនេះ ក៏ការឆ្លុះបញ្ចាំងមួយទៀត នៃការទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-ចិន ដែលកំពុងមានភាពស្អិតរមូតមួយ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ម៉ៃ វុឌ្ឍី បញ្ជាក់ថា តាមរយៈវេទិកាថ្ងៃនេះ នឹងកាន់តែរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរ ឲ្យកាន់តែមានល្អប្រសើរថែមទៀត ពិសេសនោះអ្នកវិនិយោគបរទេស ដែលមានបំណង ធ្វើវិនិយោគទន់នៅកម្ពុជា៕