(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យកម្លាំងនគរបាលបង្ក្រាបទីតាំងជល់មាន់មួយកន្លែង នៅចំណុចក្នុងព្រៃក្រោយភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានឲ្យដឹងថា ជាលទ្ធផលនៃការបង្ក្រាប ដោយស្ថានភាពផ្លូវស្មុកស្មាញឆ្ងាយពីភូមិ ទំរាំសមត្ថកិច្ចជិះម៉ូតូចូលទៅដល់ទីតាំងលេងល្បែង មុខសញ្ញាទាំងអស់នោះ បាននាំគ្នារត់គេចខ្លួន ប៉ុន្ដែបានឃាត់មុខសញ្ញាអ្នកលេងចំនួន០៣នាក់ ទី១៖ ឈ្មោះចុង ម៉ាច អាយុ៥៦ ឆ្នាំ និងទី២៖ ឈ្មោះ ឡេង សុខា អាយុ៣៧ឆ្នាំ។ ដោយឡែកម្នាក់ទៀត ឈ្មោះ ឡាយ ចាន់ណាក់ ហៅ ឡុញ អាយុ២៩ឆ្នាំ ដែលជាមេបើកលេងចល័ត។
លោកឧត្ដមសេនីយ៍ស្នងការ បន្ថែមថា ក្រោយពេលឃាត់ខ្លួនកម្លាំងជំនាញដកហូតបាន កៅអីជ័រ ចំនួន៣០, មាន់០១ក្បាល, រុឺម៉កម៉ូតូចំនួន០១គ្រឿង, ប៉ាតង់ចំនួន០១ និងអង្រុតក្រុងមាន់ចំនួន១៥។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕