(ភ្នំពេញ)៖ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) ជាភាសាខ្មែរលោក ជុន ច័ន្ទបុត្រ បានបង្ហាញអំពីបំណងរបស់លោក ដោយមិនចង់ឱ្យគណបក្សប្រឆាំង ឈ្នះឆ្នោតនោះទេ ព្រោះនឹងធ្វើឲ្យប្រទេសជាតិធ្លាក់ដុនដាបជាមួយនឹងជនផ្តាច់ការ សម រង្ស៊ី, នេះបើយោងតាមខ្សែអាត់សម្លេងសន្ទនា ដែលត្រូវបានទម្លាយដោយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០។
លោក ជុន ច័ន្ទបុត្រ បានបង្ហាញបំណងរបស់លោក នៅចំពោះមុខឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងលោក សុខ រដ្ឋា (ហៅ រដ្ឋា វិសាល) ក្នុងពេលទទួលទានអាហារជាមួយគ្នា នៅក្នុងភោជនីយដ្ឋានមួយឈ្មោះ «ដាល់» ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ ក្នុងពេលទទួលទានអាហារនោះ លោក ជុន ច័ន្ទបុត្រ បានសន្ទនាជាមួយលោក ម៉ៅ សុផាន់ រយៈពេល ១ម៉ោង៤៥នាទី ហើយត្រូវបានឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បង្ហាញទម្លាយខ្សែអាត់សម្លេងនេះជាបន្តបន្ទាប់។
លោក ជុន ច័ន្ទបុត្រ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់បញ្ជាក់ជំហរថា ខ្ញុំគ្មានគាំទ្រគណបក្សប្រឆាំង ខ្ញុំគ្មានចង់ឲ្យគណបក្សប្រឆាំងឈ្នះឆ្នោតដើម្បីបានអំណាចទេ ស្បថចំពោះមុខបង (ម៉ៅ សុផាន់) ឲ្យស្លាប់ចុះ បើខ្ញុំមានបំណងបែបហ្នឹងឲ្យស្លាប់ អត់មានទេ អត់សោះ អត់ត្រូវការអីពីអ្នកឯង អត់ត្រូវការផលប្រយោជន៍អីពីអ្នកឯង»។
នៅក្នុងខ្សែអាត់សម្លេងសន្ទនាដដែលនោះ លោក ជុន ច័ន្ទបុត្រ បាននិយាយច្បាស់ៗដោយហែកកេរ្តិ៍ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិថា សំណាងហើយដែល គណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី មិនឈ្នះឆ្នោត កុំអីប្រទេសជាតិមិនដឹងធ្លាក់ដល់ប៉ុនណានោះទេ ហើយនិយាយទៀតថា លោក សម រង្ស៊ី ផ្តាច់ការជាងនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៀតទៅ។
សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ ធ្លាប់បានពឹងពាក់ ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី៕