(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៣,៤០១នាក់ ស្រ្តី ១,៩៤៦នាក់។
កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងអប់រំផងដែរ។
នៅថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជួបជាមួយលោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំនៅក្នុងរាជធានីភ្នំពេញផងដែរ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំ គឺបង្ហាញពីយកចិត្តទុកដាក់បន្ថែមរបស់សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំ។
លោក រស់ សាលីន បានហៅជំនួបរវាងសម្តេចតេជោ និងលោកគ្រូ អ្នកគ្រូ ក៏ដូចជាមន្ត្រីអប់រំនេះ គឺជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅបន្ថែមទៀតដល់លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំ ដែលបានប្រឹងប្រែងក្នុងបេសសកម្មផ្តល់ចំណេះដឹងដល់កុលបុត្រខ្មែរ។ ជាពិសេសជាការសំណេះសំណាលមួយ សំដៅជំរុញឲ្យមានការអប់រំកាន់តែប្រសើរ ដើម្បីធានាដល់ការផ្តល់នូវចំណេះដឹងប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់កុលបុត្រខ្មែរ៕