(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបដិសេធខ្លឹមសារ នៃព័ត៌មានដែលវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនានេះ ដោយលោកបានបញ្ជាក់ថា សិទ្ធិសេរីភាពនៃការបង្កើតសហជីព ឬអង្គការវិជ្ជាជីវៈនៅកម្ពុជាមានលក្ខណៈសេរីជាទីបំផុត។ ចំនួនសហជីពមានការកើនឡើង រីកដូចផ្សិត ហើយកម្ពុជាមានដង់ស៉ីតេសហជីពនៅតាមរោងចក្រនីមួយៗខ្ពស់ជាងគេក្នុងតំបន់។
ទន្ទឹមនឹងការកើនឡើងយ៉ាងច្រើននៃចំនួនសហជីពនេះកម្ពុជា មានយន្តការត្រីភាគីយ៉ាងរឹងមាំដែលជាច្រកនៃការចរចា និងពិភាក្សាគ្នាជាប្រចាំលើបញ្ហានានា ក្នុងនោះរួមទាំងការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាននានា ក៏ដូចជាការចរចាប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានា។ សូម្បីតែនៅក្នុងក្រុមប្រឹក្សា អាជ្ញាកណ្តាលក៏មានក្រុមអាជ្ញារកណ្តាល១/៣ ដែលជ្រើសតាំងដោយភាគីសហជីពផងដែរ។
លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងនិងក្រុមប្រឹក្សាអាជ្ញាកណ្តាលមានទំនាក់ទំនងគ្នាជាធម្មតា ហើយព័ត៌មានដែលចុះផ្សាយ និងនៅក្នុងលិខិតនេះ ក៏ធ្វើឲ្យក្រុមប្រឹក្សា អាជ្ញាកណ្តាលភ្ញាក់ផ្អើល និងងឿងឆ្ងល់ផងដែរថា តើអ្នកសរសេរបានព័ត៌មានខុសនេះមកពីណា?
លោក ហេង សួរ ដាក់ការសង្ស័យថា មួយរយៈចុងក្រោយនេះគឺមានក្រុមអមិត្ត តែងដើរតួធ្វើជាមិត្តរបស់កម្ពុជា កំពុងតែធ្វើយុទ្ធនាការផ្តល់បង្កើត និងផ្សព្វផ្សាយព័ត៌មាន មិនពិតដើម្បីបំពុលបរិយាកាសសង្គម។ លោកបានចាត់ទុកអ្នកដែលនិយាយថា សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជាតឹងតែង រឹតត្បឹតជាងប្រទេសនានា គឺជាអ្នកដែលមិនចេះបូកលេខ និងមិនដែលបានជួបអង្គការសហជីព និងអង្គការនិយោជកនៅកម្ពុជា។
ការប្រតិកម្មខ្លាំងៗ និងទាត់ចោលព័ត៌មានរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកខាងលើ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានវិទ្យុសម្លេងសហរដ្ឋអាមេរិក បានផ្សាយថា សមាគមផ្នែកឧស្សាហកម្មធំៗរបស់ ស.រ.អា អឺរ៉ុប និងអង់គ្លេស រួមគ្នាស្នើសុំឲ្យនាយករដ្ឋមន្រ្តី កែទម្រង់លក្ខខណ្ឌការងារ និងបញ្ហាសិទ្ធិមនុស្ស។
ជាមួយប្រតិកម្មខ្លាំងៗរបស់អ្នកនាំពាក្យក្រសួងការងារ អង្គភាពព័ត៌មាន Fresh News ក៏ទទួលបាននូវសេចក្តីថ្លែងការណ៍ជាច្រើនរហូតដល់ជិត១០សហជីព ដែលមានសមាជិកសរុបរាប់សែននាក់ ក្នុងនោះមាន៖ សហព័ន្ធសហជីពឯករាជ្យកម្ពុជា, សភាសម័្ពន្ធសហជីពជាតិកម្ពុជា, សហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា, សហភាពសហព័ន្ធសហជីពជាតិកម្ពុជា, សហភាពកម្ពុជាពន្លឺកម្មករ, សហភាពឯករាជ្យការពារកម្មករនិយោជិត, សហភាពសហជីពយុវជនដើម្បីការងារកម្ពុជា និងសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចេញមកប្រកាសធ្វើការបដិសេធចំពោះការផ្សាយព័ត៌មានមិនពិត និងបែបញុះញង់របស់វិទ្យុសម្លេងអាមេរិកជាភាសាខ្មែរ (VOA) និងយល់ឃើញថា ព័ត៌មាន និងរបាយការណ៍របស់ (VOA) ដែលផ្សាយចេញគឺនៅមាន លក្ខណៈមិនគ្រប់ជ្រុងជ្រោយ ដែលខុសពីស្ថានភាព និងស្ថានការណ៍នៅកម្ពុជា នាពេលបច្ចុប្បន្ន ហើយក៏សូមឲ្យវិទ្យុមួយនេះ កុំយកដើមឈើមួយ ឬពីរដើម ហើយមកវាយតម្លៃព្រៃទាំងមូល។
សេចក្តីថ្លែងការណ៍ទាំងអស់បានសរសេរខ្លឹមសារស្រដៀងៗគ្នាថា៖ «យើងខ្ញុំជាថ្នាក់ដឹកនាំសហជីពនៅកម្ពុជា សូមជំរាបជូនដល់សាធារណៈជនទាំងអស់ ឲ្យបានជ្រាបថា ថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពទាំងអស់ បានកំពុងបំពេញភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ និងសិទ្ធិស្របច្បាប់ជូនបងប្អូន កម្មករ កម្មការិនី នៅតាមមូលដ្ឋានរៀងៗខ្លួនជាប្រក្រតី។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដឹកនាំប្រទេសស្របតាមរដ្ឋធម្មនុញ្ញ ដោយគោរពតាមគោលការណ៍នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស»។