TOP NEWS: អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ សារភាពថាមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា
31-03-2018 20:41
(ភ្នំពេញ)៖ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា នារីដែលគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកក្នុងគេហដ្ឋាននៅក្រុងដូនកែវកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ។
បន្ទាប់ពីមានការដាក់សង្ស័យថា លោក ឡាយ វណ្ណៈ ជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលើអ្នកស្រី ចេវ សុវឌ្ឍនា គ្រាដែលបងប្រុសរបស់លោក គឺលោក ឡាយ ណារិទ្ធ រួមនិងមនុស្សពាក់ព័ន្ធ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួននោះ លោក ឡាយ វណ្ណៈ បានចេញមកច្រានចោលនូវការសង្ស័យនេះ។ តែលោក បានឆ្លើយសារភាពថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា។
លោក ឡាយ វណ្ណៈ បានបញ្ជាក់នៅលើហេ្វសប៊ុករបស់លោក នាល្ងាចថ្ងៃទី៣១ ខែមីនានេះ យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំ និងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។ ក្រោយមកដោយភរិយាខ្ញុំបានដឹង ខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឲ្យគាត់ខឹងសម្បានឹងខ្ញុំរហូតដល់គាត់គិតខ្លីធ្វើអត្តឃាដខ្លួនឯង។ នេះជារឿងពិត ប៉ុន្តែខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថារូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា»៕