Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្លាកយីហោអាជីវកម្មទេសចរណ៍ទាំងអស់ នៅគ្រប់រាជធានី-ខេត្ត តម្រូវឱ្យប្រើប្រាស់អក្សរខ្មែរ ឱ្យធំជាងនិងនៅលើ អក្សរអង់គ្លេស

31-03-2018 18:00

(ភ្នំពេញ)៖ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត បានផ្ញើលិខិតជូនដំណឹងមួយ ដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដោយស្នើឱ្យចាប់ផ្តើមអនុវត្តកែលម្អស្លាកយីហោអាជីវកម្មទេសចរណ៍នានា ឱ្យប្រើប្រាស់អក្សរជាតិខ្មែរ ឱ្យធំ និងនៅជួរលើអក្សរអង់គ្លេស។

តាមលិខិតរបស់ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្តនានា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ បានឱ្យដឹងថា ដើម្បីចូលរួមចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងស្អាត ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌ជាតិ ស្លាកយីហោអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវគោរពតាមគោលការណ៍ដូចខាងក្រោម៖

១៖ អក្សរខ្មែរ ត្រូវសរសេរឱ្យបានធំជាងអក្សរអង់គ្លេស ហើយដាក់នៅជួរខាងលើ

២៖ អក្សរអង់គ្លេសអាចសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្តាលនៃអក្សរខ្មែរ។

៣៖ មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ អាចសរសេរភាសារបរទេសទី៣ នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្តែង នៃអតិថិជនរបស់អាជីវកម្ម។

សូមបញ្ជាក់ថា អាជីវកម្ម​ទេសចរណ៍ រួមមាន​៖ ទីភ្នាក់ងារ​ទេសចរណ៍​និង​ម​គ្គុ​ទេសចរណ៍ សណ្ឋាគារ​និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ស្ប៉ា​-​ម៉ាស្សា​សុខភាព សេវា​កម្សាន្ត​ទេសចរណ៍ កីឡា​ទេសចរណ៍ ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន​ទេសចរណ៍ ដឹកជញ្ជូន​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​ជាដើម៕