(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាព សណ្តាប់ធ្នាប់ ទើបបច្ចុប្បន្ននេះ ធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យ ដែលជាផ្នែកមួយជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងចំនួនភ្ញៀវទេសចរអន្តរជាតិ។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោក រួមជាមួយលោកបណ្ឌិត ហេង វុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន T&B Import Export And Construction Co., Ltd. និងលោក Deng Zhen Yue អ្នកចាត់ការទូទៅនៃសហព័ន្ឋ JU SHI នៃទីក្រុងហុងកុង អញ្ជើញពិធីសម្ពោធការលក់ខុនដូរ PICASSO របស់ខ្លួនជាផ្លូវការ នៅរាជធានីភ្នំពេញ រួមជាមួយភ្ញៀវកិត្តិយសជាច្រើនកុះករ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រាភ្នំពេញ។
លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខណៈបច្ចុប្បន្ន រាជរដ្ឋាភបាលកម្ពុជា បានបើកទីផ្សារយ៉ាងទូលំទូលាយស្របជាមួយបរិយាកាសល្អ ស្ថិរភាពនយោបាយ ភាពសុខដុមរម្យនីយកម្មនៅក្នុងសង្គម កំណើនសេដ្ឋកិច្ចកិច្ចប្រកបដោយចីរភាព។ មានស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ល្អដូចជា សម្បូរធនធានរ៉ែ ប្រជាសាស្ត្រវ័យក្មេង គោលនយោបាយវិនិយោគទុនបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អជាដើម ដែលជាហេតុធ្វើឲ្យអត្រាកំណើន GDP មានសន្ទុះ៧ភាគរយ ក្នុងមួយឆ្នាំ ដែលនេះបង្ហាញថាប្រទេសកម្ពុជា គឺជាប្រទេសមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមបណ្តា ប្រទេសនៅលើពិភពលោក»។
លោក ហ៊ុន ម៉ាណែត បានបន្តថា ជាច្រើនឆ្នាំមកនេះកម្ពុជា បានប្រែក្លាយអសន្តិសុខ ពោរពេញទៅដោយបញ្ហាសេដ្ឋកិច្ច ទៅជាប្រទេសមានកំណើន នៃសក្តានុពលសេដ្ឋកិច្ច ការវិនិយោគលើគ្រប់វិស័យ បានប្រែក្លាយជាគោលដៅសក្តានុពលវិនិយោគវិស័យសំណង់ វិស័យអចលនទ្រព្យមួយនៅក្នុងពិភពលោក។
ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក ហ៊ុន ម៉ាណែត បានញ្ជាក់ថា ជាស្តែងនៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងវិស័យសំណង់ ដែលបានជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ឲ្យមានសន្ទុះគួរឲ្យកត់សម្គាល់ ហើយក៏ត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍ ទាក់ទាញបន្ទាប់ពីតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រផងដែរ។
លោកបណ្ឌិត ហេង វុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន T&B Import Export And Construction Co., Ltd. បានថ្លែងយ៉ាងដូច្នេះថា «ភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់កម្ពុជា ដែលយើងអាចខ្ចីដោយគោលនយោបាយ វិនិយោគទុនបរទេសនេះ ទាក់ទាញសហគ្រាសបរទេសចូលមក ដើម្បីនាំមកនូវឱកាសការងារជាច្រើនសម្រាប់ប្រជាជនក្នុងស្រុក ហើយផ្នែកអចលនទ្រព្យបានក្លាយទៅជាឧស្សាហកម្មសសរស្តម្ភដ៏សំខាន់។ Picasso City Garden ជាអ្នកវិនិយោគ នៅលើផ្នែកអចលនទ្រព្យជាច្រើន ហើយ អនាគតយើងសង្ឃឹមថា និងកាន់តែគម្រោងកំពូលៗនាំមុខគេ ក្នុងទីផ្សារនាបណ្តាទីក្រុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា»៕