(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) រៀបចំសិក្ខាសាលាហ្វឹកហាត់ (Boot Camp Workshop) ដើម្បីបង្កើតឱកាសសម្រាប់យុវជន សិស្ស-និស្សិតទទួលបានការណែនាំ បទពិសោធន៍ និងស្វែងយល់ជាមួយនិយោជក ពីតម្រូវការជំនាញចាំបាច់នៃការងារជាក់ស្តែង ក្នុងនោះក៏មានអ្នកចូលរួមប្រមាណ១ពាន់នាក់ផងដែរ។
សិក្ខាសាលាហ្វឹកហាត់នេះ ធ្វើឡើងក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក វីល្លៀម ហេដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ក្នុងបរិវេណក្រសួងការងារ ជាមួយនឹងការផ្ដល់ឱកាសកម្មសិក្សាការងារជាមួយក្រុមហ៊ុនអាមេរិកល្បីៗនៅកម្ពុជា ដូចជា ក្រុមហ៊ុន Coca Cola និង World Bridge ជាដើម។ លើសពីនេះ ពួកគេក៏ទទួលបានការណែនាំពីការរៀបចំផែនការអាជីព ទៅតាមក្តីប្រាថ្នាដោយផ្ទាល់ជាមួយអ្នកជំនាញប្រឹក្សាអាជីព និងការងារផងដែរ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា សិក្ខាសាលានេះ គឺជាការបង្កើតឱ្យមានឡើងនូវឱកាសមួយទាន់ពេលវេលា សម្រាប់យុវជន សិស្ស និស្សិតទាំងអស់ បានស្តាប់ ទទួលការណែនាំ និងបទពិសោធន៍ និងស្វែងយល់ដោយផ្ទាល់ពីនិយោជក អំពីតម្រូវការជំនាញចាំបាច់នៃការងារជាក់ស្តែង និងឱកាសសម្រាប់ធ្វើកម្មសិក្សា ជាពិសេសជាមួយក្រុមហ៊ុនអាមេរិកនៅកម្ពុជា ដើម្បីអាចធ្វើការរៀបចំខ្លួនបានប្រសើរ សំដៅឈានទៅចាប់យកឱកាសការងារល្អគួរឱ្យរីករាយ និងអាជីពពោរពេញដោយអត្ថន័យ ដែលឱកាសទាំងអស់នេះ កំពុងត្រូវបានបង្កើតឱ្យមានឡើងយ៉ាងច្រើននៅកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត ដោយសាររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តរក្សាបានសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចជាតិខ្ពស់។
លោកឯកអគ្គរដ្ឋទូតអាមេរិក វីល្លៀម ហេដ បានលើកឡើងថា សិក្ខាសាលាហ្វឹកហាត់នេះ ត្រូវបានរៀបចំពេលល្អណាស់ គឺស្របពេលដែលសេដ្ឋកិច្ចកំពុងមានការរីកចម្រើន។ អ្នកវិនិយោគិនថ្មីៗកំពុងមកបណ្តាក់ទុននៅកម្ពុជា ក្រុមហ៊ុនថ្មីៗជាច្រើនត្រូវបានបង្កើតឡើង និងពិសេសការងារថ្មីៗក្នុងស្រុក ក៏ត្រូវបានបង្កើតឡើងផងដែរ ដែលធ្វើឲ្យតម្រូវការជ្រើសរើសបុគ្គលិកកំពុងមានការកើនឡើងខ្លាំង។ យុវជននឹងបានឃើញ និងទទួលបានចំណេះដឹងពីមុខជំនាញមួយចំនួន ដែលក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនលោកខាងលិច គិតថាមានសារសំខាន់នៅកន្លែងការងារ។
សូមជម្របថា ការរៀបចំសិក្ខាសាលានេះ ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យុវជន និងការងារដូចបានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ធ្វើយ៉ាងណាឲ្យយុវជនអាចទទួលបានការងារ និងប្រាក់ចំណូលសមរម្យ និងការអនុវត្តគោលនយោបាយអាទិភាពចំនួន២ របស់រាជរដ្ឋាភិបាល៖ ទី១. ខិតខំសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ តាមរយៈការកំណត់យកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងការខិតខំទាក់ទាញវិនិយោគិនបរទេសល្អៗ ដើម្បីបង្កើតការងារកាន់តែល្អសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន។ ទី២. ការខិតខំផ្តល់ការអប់រំបណ្តុះបណ្តាលប្រជាពលរដ្ឋ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសទាំងនេះ។
សិស្ស និស្សិត និងយុវជនក៏បានទស្សនាការសម្ដែងផ្ទាល់ ដោយក្រុមការងាររបស់ស្ថានទូតសហរដ្ឋអាមេរិក អំពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើនៅក្នុងកន្លែងធ្វើការ ដែលជាចំណេះដឹងបន្ថែមលើជំនាញបច្ចេកទេស ដែលពួកគេទទួលបានពីសាលា និងជាទុននៅពេលពួកគេឈានជើងចូលទីផ្សារការងារ៕