(ប៉ៃលិន)៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំពិធីប្រគល់ជ័យលាភីពាន់រង្វាន់សម្តេចតេជោ ហ៊ុន សែន ជូនដល់គ្រូបង្រៀនល្អ ឆ្នាំ២០១៦-២០១៧ និងសិស្សពូកែមុខវិជ្ជា អក្សរសិល្បខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលទទួលជ័យលាភី អំណាន ស្មូត និងតែងនិពន្ធ ថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០១៧-២០១៨។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក កើត សុធា អភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានថ្លែងថា៖ ខេត្តប៉ៃលិនទទួលជ័យលាភីពានរង្វាន់សម្តេចតេជោសែន គ្រូបង្រៀនល្អឆ្នាំ២០១៦-២០១៧ ទទួលបានចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសដោយ លោកគ្រូ ហាស់ រឿន ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ដោយឆ្លងកាត់ការវាយតម្លៃជាបីដំណាក់ កាលពីគណៈកម្មការ របស់ក្រសួងអប់រំ យុវជន និងកីឡាម៉ត់ចត់បំផុត។ ដោយឡែកចំពោះថ្នាក់ខេត្តវិញ មន្ទីរអប់រំ យុវជន និង កីឡា បានរៀបចំការប្រឡងសិស្សពូកែប្រចាំឆ្នាំសិក្សា២០១៧-២០១៨ ដើម្បីត្រៀមយកទៅប្រឡងប្រកួតប្រជែងសិស្សពូកែទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ក្នុងនោះមានមុខវិជ្ជា អក្សរសិស្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា នៃបេក្ខជនថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលបេក្ខជនដាក់ពាក្យប្រឡងសរុប ៨១នាក់ ស្រី៤២នាក់ ជាលទ្ឋផល ទទួលបានបេក្ខជនមានសមត្ថភាព សរុប៦នាក់ ស្រី៤ នាក់។
លោកអភិបាលខេត្ត កើត សុធា បានកោតសសើរដល់ថ្នាក់ដឹកនាំនៃមន្ទីអប់រំ យុវជន និងកីឡា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បង្ហាត់បង្រៀនចំណេះជំនាញដល់ សិស្សានុសិស្ស គ្រប់ស្រទាប់វណ្ណៈ ឱ្យក្លាយជាធនធានបន្តវេនសម្រាប់ដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចំរើន នាពេលអនាគត ជាពិសេសថ្មីៗកន្លងទៅនេះ ខេត្តប៉ៃលិន ទទួលបានជ័យលាភីពានរង្វាន់សម្តេចតេជោ សែន គ្រូបង្រៀនល្អ ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស។
លោកបានបន្តថា ដូច្នេះថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ត្រូវចូលរួមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ឱ្យបន្តសកម្មភាពនេះបន្ថែមទៀត ដើម្បីទទួលជ័យលាភីរាល់ឆ្នាំ។ លោកអភិបាលខេត្ត បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យមានប្រទេសមានសុខសន្តិភាព និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំយុវជន និងកីឡាជាវិស័យអាទិភាព ដោយបានកែទម្រង់ចាប់ពីថ្នាក់កុមារដ្ឋាន រហូតដល់ថ្នាក់ឧត្តមសិក្សាស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក្នុងន័យពង្រឹងគុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍន៍សម្រាប់ឱ្យយុវជនមានចំនេះ ជំនាញ ។
លោកក៏បានសំណូមពរ ដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាព បន្ថែមទៀត ដើម្បីចូលរួមប្រឡងថ្នាក់ជាតិទូទាំងប្រទេស ឱ្យបានទទួលជោគជ័យផងដែរ ជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូ ត្រូវបន្តបង្ហាត់បង្រៀន និងត្រូវផ្តល់ចំណេះជំនាញបន្ថែមទៀត ដល់ក្មួយៗសិស្សានុសិស្សដែលមានឈ្មោះទៅប្រឡងថ្នាក់ជាតិ នៅទូទាំងប្រទេសទទួលឱ្យទទួលបានជោគជ័យ។
ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានប្រគល់ថវិកា និងសំភារៈសិក្សា ជាមួយប័ណ្ណសរសើរ ជូនដល់សិស្សានុសិស្សជាប់ជ័យលាភី ដោយលេខ១៖ ទទួលបានប័ណ្ណសរសើ១ សម្ភារៈសិក្សា១កញ្ចប់ និងថវិកា១៥ម៉ឺនរៀល លេខ២៖ ទទួលបានប័ណ្ណសរសើ ១ សម្ភារៈសិក្សា១ កញ្ចប់ និងថវិកា ១០ ម៉ឺនរៀល លេខ៣៖ ទទួលបានប័ណ្ណសរសើ ១ សម្ភារៈសិក្សា១ កញ្ចប់ និងថវិកា ៧ម៉ឺនរៀល ៕