(ភ្នំពេញ)៖ ជនសង្ស័យ៥នាក់ ក្នុងនោះមានស្នងការរងខេត្តតាកែវម្នាក់ ដែលត្រូវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ពាក់ព័ន្ធករណី ឃាតកម្មដ៏កក្រើកសម្លាប់ស្ត្រីស្រស់ស្អាតម្នាក់ នៅក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៣៖៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីបន្តនីតិវិធី បន្ទាប់ពីបញ្ចប់ការសួរនាំរួចរាល់ហើយនោះ។
ជនសង្ស័យទាំង៥នាក់នេះ គឺស្ថិតក្នុងចំណោម៨នាក់ ដែលត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីសួរនាំជុំករណីស្ត្រីស្រស់ស្អាតម្នាក់ស្លាប់ នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា ឆ្នាំ២០១៨ បន្ទាប់ពីករណីស្លាប់នេះ មានហេតុផលមិនសមរម្យ មួយចំនួន។
តែយ៉ាងណាបើតាមការបញ្ជាក់របស់មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយការជជីកសួរនាំករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺថា គឺករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។
មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ថា ករណីនេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជា។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយខ្នងអំពើឃាតកម្ម ជាអ្នកឲ្យសម្លាប់ស្ដ្រីរងគ្រោះ។
ដំណើរការសួរនាំ ទៅលើមនុស្សទាំង៨នាក់ រួមមាន៖ ស្នងការរង លោក ឡាយ ណារិទ្ធ, នគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ បាននិងកំពុងបន្ដដើម្បីឈានទៅដល់ការបំបែកអំពើឃាតកម្ម ដ៏កក្រើកនៅតាមបណ្ដាញសង្គមមួយនេះ។
សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែតាមព័ត៌មានច្បាស់ការណ៍មួយចំនួន ដែលអង្គភាពព័ត៌មាន Fresh News ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ៕