(ភ្នំពេញ)៖ «TRI PETCH ISUZU SALES CAMBODIA CO.,LTD» ដែលជាក្រុមហ៊ុនចែកចាយរថយន្ត ISUZU ប្រភេទ Pickups និង SUV ផ្តាច់មុខ នៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីប្រកាសជាផ្លូវការ នូវអគ្គនាយកថ្មី ប្រចាំក្នុងប្រទេសកម្ពុជា គឺលោក SHUICHIRO MORI ដែលនឹងគ្រប់គ្រងក្រុមហ៊ុន ISUZU នៅកម្ពុជា ចាប់ពីពេលនេះតទៅ ជាមួយនឹងការតាំងចិត្តខ្ពស់ ដើម្បីរិះរកយុទ្ធសាស្ត្រវាយលុកទីផ្សាររថយន្ត នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីប្រកាសជាផ្លូវការ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ មានការចូលរួមពីគណគ្រប់គ្រង របស់ក្រុមហ៊ុន TRI PETCH ISUZU SALES CO.,LTD ដូចជាលោក TOSHIAKI MAEKAWA ជាអគ្គនាយកគ្រប់គ្រង និង លោកស្រី PANATDA CHENNAVASIN អនុប្រធានប្រតិបត្តិ ប្រចាំប្រទេសថៃ រួមទាំងវត្តមានអ្នកសារព័ត៌មាន ជាច្រើនរូបទៀត
លោក TOSHIAKI MAEKAWA អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន TRI PETCH ISUZU SALES CO.,LTD បានថ្លែងថា ទីផ្សាររបស់រថយន្ត ISUZU នៅកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ ព្រោះយើងទើបតែបានមកកាន់ប្រទេសនេះ ប្រហែល២ឆ្នាំប៉ុណ្ណោះ។ ដូច្នេះយើងត្រូវប្រឹងប្រែង ឲ្យបានខ្លាំងបន្ថែមទៀត ដើម្បីឲ្យម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះរបស់ ISUZU កាន់តែទទួលស្គាល់ខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់រថយន្តថ្មី នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា ជាក់ស្តែង នៅក្នុងទីផ្សារប្រទេសកម្ពុជា រថយន្ត ISUZU បានទទួលចំណែកទីផ្សារ ៦% ទៅលើប្រភេទរថយន្ត SUV និង ៣% ទៅលើប្រភេទរថយន្ត Pick UP ប៉ុន្តែចំនួននេះមិនទាន់ អាចបំពេញចិត្តរបស់យើង នៅឡើយទេ។ ដូច្នេះថ្ងៃនេះ យើងសូមណែនាំអគ្គនាយកថ្មី របស់ក្រុមហ៊ុន TRI PETCH ISUZU SALES CAMBODIA CO.,LTD ប្រចាំកម្ពុជានោះ គឺលោក SHUICHIRO MORI ដែលលោកនឹងធ្វើឲ្យទីផ្សាររបស់ ISUZU នៅកម្ពុជាកាន់តែរីកចម្រើនទ្វេរដង។
ដោយឡែកលោក SHUICHIRO MORI អគ្គនាយកថ្មី របស់ក្រុមហ៊ុនប្រចាំនៅកម្ពុជា បានថ្លែងថា «រីករាយណាស់ ដែលខ្ញុំមានវត្តមានជាអគ្គនាយកថ្មី ប្រចាំនៅកម្ពុជា ហើយក៏រីករាយ ដែលជួបមិត្តអ្នកសារព័ត៌មាន នៅក្នុងកម្មវិធីថ្ងៃនេះដែរ។ តាមពិតទៅ ខ្ញុំទទួលបានមុខតំណែងនេះ តាំងពីខែមករាមកម្ល៉េះ។ កន្លងមក ខ្ញុំមើលឃើញថា ការងារមួយនេះពិតជា មានការលំបាកខ្លាំងមែនទែន ព្រោះសម្រាប់ទីផ្សារ ISUZU នៅកម្ពុជា យើងទើបតែចាប់ផ្តើមប៉ុន្មានឆ្នាំ ចុងក្រោយនេះប៉ុណ្ណោះ ដូច្នេះវាមិនងាយស្រួលទេ ក្នុងចាប់យកទីផ្សារនៅក្នុងប្រទេសនេះទេ»។
លោកបន្តថា «ជាមួយបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្ញុំ ក្នុងក្រុមហ៊ុន ISUZU កន្លងមក រួមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងអ្នកសារព័ត៌មានទាំងអស់ យើងជឿជាក់ថា ផ្លាកសញ្ញា និងកេរ្តិ៍ឈ្មោះរបស់យើង នឹងអាចជ្រៀតចូលក្នុងទីផ្សារកម្ពុជា បានកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ»។
យ៉ាងណាមិញ លោកស្រី PANATDA CHENNAVASIN អនុប្រធានប្រតិបត្តិក្រុមហ៊ុន TRI PETCH ISUZU SALES CO.,LTD ក៏បានថ្លែងថា «ក្រុមហ៊ុន ISUZU មានវត្តមាននៅក្នុងប្រទេសថៃ៦១ឆ្នាំ កន្លងមកហើយ ហើយយើងក៏ម្ចាស់ទីផ្សាររថយន្ត PickUp នៅក្នុងប្រទេសនេះ ធំជាងគេដែរ គឺរហូតដល់ទៅ ៣៦.៦% នៃទីផ្សាររថយន្តថ្មី ប្រភេទ PickUp ទាំងអស់។ ដូច្នេះ យើងនឹងប្រើប្រាស់បទពិសោធន៍ទីផ្សារ ជាច្រើនឆ្នាំរបស់យើង នៅក្នុងប្រទេសថៃ មកធ្វើឲ្យទីផ្សារនៅកម្ពុជារីកចម្រើន ដូចគ្នាអ៊ីចឹងដែរ»។
លោកស្រី PANATDA CHENNAVASIN ក៏បានបញ្ជាក់ដែរថា គ្រប់ប្រភេទរថយន្ត ISUZU ដែលនាំចូលដោយក្រុមហ៊ុន TRI PETCH ISUZU SALES CAMBODIA CO.,LTD ទាំងអស់ សុទ្ធដែលមានគុណភាពខ្ពស់ និងគោរពទៅតាមស្តង់ដារ ដូចជារថយន្តដែលនាំចេញទៅកាន់ ប្រទេសផ្សេងៗទៀតអ៊ីចឹងដែរ។ អ្វីដែលពិសេសទៀតនោះគឺ មានតែក្រុមហ៊ុនរថយន្ត ISUZU មួយប៉ុណ្ណោះ ដែលមានរោងចក្រផលិតរថយន្ត ប្រភេទ Pick Up ដាច់ដោយឡែកពីប្រភេទរថយន្តដទៃ ខណៈដែល ក្រុមហ៊ុនផ្សេងទៀត នៅផលិតរថយន្តច្រើនប្រភេទ ក្នុងរោងចក្រតែមួយនៅឡើយ។ ដូច្នេះ រថយន្តប្រភេទ Pick Up របស់ ISUZU ពិតជាមានគុណភាពល្អនិងពិសេសខុសពីក្រុមហ៊ុនដទៃខ្លាំងតែម្តង៕