(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សជ័យលាភី ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤៣ និងទី៤៤ ចំនួន ៨២០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពរបស់លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។
លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេស (ESL Manager) បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា៣៦.៦០៨នាក់។ ដោយឡែក សិស្សភាសាអង់គ្លេស Level 6 ដែលបានប្រឡងបញ្ចប់ទាំង ៤៤ជំនាន់ មានចំនួន១១.១៥២ នាក់។
កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំសម្រិត សម្រាំងតាមស្តង់ដារអន្តរជាតិ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រ ដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជា៖ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុ TOEFL ឬIELTS យ៉ាងតិច 6.5 ឡើង ដែលអាច ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានថ្លែងនូវការកោតសរសើរ ចំពោះក្មួយៗ ដែលបាន ខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និង សីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រ នាពេលនេះ។
លោកក៏បានបន្ថែមទៀតថា ដោយមានការសំណូមពរ ពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុងឆ្នាំ២០១៧-២០១៨នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបើកកម្មវិធីសិក្សា ជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិ ដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉ន ភាសាអង់គ្លេស និងកុំព្យូទ័រ ១ឆ្នាំដោយឥតគិតថ្លៃ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិត ក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។
សាកលវិទ្យាល័យ មានកម្មវិធីសិក្សា៥ ធំៗដូចជា៖ ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរៀន ១ឆ្នាំ ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សាលើមុខជំនាញ សំខាន់ៗ ដែលស្របនឹងតម្រូវការទីផ្សារ ការងារបច្ចុប្បន្ន និងទៅអនាគត។ បន្ទាប់មកលោក ប្រធានគណៈអធិបតី ក៏បានចូល រួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្ស ជ័យលាភីទាំង៨២០នាក់ នាពេលនោះផងដែរ៕