(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំគណ:ប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខកងទ័ព នៅកងពលលេខ៥១ ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះយុទ្ធជន-នារី ក្រុមគ្រួសារកងទ័ពទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យចេះថែរក្សាសុខភាព រស់នៅមានអនាម័យល្អ ចេះការពារកុំឲ្យមានការចម្លងរោគ ឫជំងឺដង្កាត់ផ្សេងៗ ដូចជាអេដស៌ របេង និងគ្រុនចាញ់ ជាដើម។
រដ្ឋមន្ត្រី ក៏បាននាំមកជូនកងទ័ព និងគ្រួសារកងទ័ពនូវគ្រឿងឧបភោគ-បរិភោគ ភេសជ្ជ: ថ្នាំសង្កូវ មុង សារុង និងថវិកាមួយចំនួនផងដែរ ៕