(ភ្នំពេញ)៖ ក្រុមហ៊ុនរបស់កូរ៉េមួយមានឈ្មោះថា ហាន់ស៊ីន (HanShin) ដែលធ្លាប់រងនូវការរិះគន់ចំពោះការជួសជុលផ្លូវលេខ២១បេ នៅស្រុកស្អាង ខេត្តកណ្តាលនោះ ត្រូវបានគេទម្លាយថា នៅពេលនេះ បានទទួលគម្រោងស្ថាបនាឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ក្នុងកញ្ចប់ទី៣ ដែលមានទឹកប្រាក់ជាង៨៥លានដុល្លារ។ ការទទួលគម្រោងស្ថាបនាឡើងវិញ ចំពោះកំណាត់ផ្លូវជាតិលេខ៥ ខាងលើនេះ មានការព្រួយបារម្ភថា ខ្លាចស្ថានភាពផ្លូវមិនមានភាពរឹងមាំបានយូរ។
តែយ៉ាងណានោះ សម្រាប់បញ្ហានេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះឲ្យដឹងថា តាមពិតរាល់ក្រុមហ៊ុនដែលជួសជុល ឫស្ថាបនាផ្លូវទាំងអស់របស់ប្រទេសជប៉ុននោះ គឺរដ្ឋាភិបាលជប៉ុនខ្លួនឯង និងអង្គភាព JICA ជាដេញគម្រោងជ្រើសរើសដោយផ្ទាល់តែម្តង ខាងក្រសួងវិញ មានសិទ្ធិត្រឹមតែត្រួតពិនិត្យ និងវាយតម្លៃទៅលើការងារតែប៉ុណ្ណោះ ថាតើអាចទទួលយកបានឬទេ?
នាពេលកន្លងទៅ ក្រុមហ៊ុនកូរ៉េ ហាន់ស៊ីន(HanShin) ដែលទទួលបានគម្រោងស្ថាបនាផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅទៅព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាលនោះ បានរងនូវការរិះគន់មួយចំនួន ពាក់ព័ន្ធធ្វើមិនរួចរាល់ផង ក៏ខូចគ្មានគុណភាព ដោយមានគង្ហុក សំបុកមាន់ បណ្តាលឲ្យប្រជាជនបើកម៉ូតូ បើរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។
ពេលនោះគេនៅចាំថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ទាំងយប់ ឈានដល់ទទួលស្គាល់ថា ក្រុមហ៊ុនកូរ៉េមួយនេះ ពិតជាបានស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាពប្រាកដមែន។ បើតាមលោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ក្រុមការងារជំនាញរបស់ក្រសួង ក៏បាននិងកំពុងតាមដានចំពោះការងាររបស់ក្រុមហ៊ុនកូរ៉េមួយនេះផងដែរ ដោយមិនទាន់បានសម្រេចយ៉ាងណានោះទេ។
ជាមួយគ្នានេះ ក្រុមហ៊ុន ហាន់ស៊ីន (HanShin) ក៏បានធ្វើឲ្យបាក់មុខផងដែរ ចំពោះគម្រោងស្ថាបនាឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅខេត្តកំពត ដោយខ្វះការទទួលខុសត្រូវ នៅតែគ្មានគុណភាពម្តងរួចមកហើយ។
ករណីកំណាត់ផ្លូវជាតិលេខ៣នេះ បើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនចិន ស្ថាបនាឡើងវិញ ខណៈក្រុមហ៊ុន ហាន់ស៊ីន (HanShin) ធ្វើគ្មានគុណភាព និងខូចដោយកន្លែងៗនោះ។
យោងតាមរបាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុន ហាន់ស៊ីន ក៏គ្មានគ្រឿងចក្រសម្រាប់ដំណើរការស្ថាបនាផ្លូវដោយខ្លួនឯងដែរ គឺត្រូវជួលគ្រឿងចក្រ និងរថយន្តពីក្រុមហ៊ុនផ្សេងៗ ស្ទើរទាំងស្រុង។ ដូច្នេះចង្វាក់ដំណើរសាងសង់របស់ក្រុមហ៊ុននៅមានកម្រិត នេះមិនទាន់គិតដល់បញ្ហាធ្វើគ្មានគុណភាព កេងចំណេញបច្ចេកទេស ដូចករណីស្ថាបនាផ្លូវជាតិ លេខ២១ និងផ្លូវជាតិលេខ៣ គ្មានគុណភាព។
ក្រុមហ៊ុនមួយចំនួនបានលើកឡើងថា ករណីក្រុមហ៊ុនរបស់កូរ៉េនេះ បានដេញថ្លៃគម្រោងស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ របស់ JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ពីចំណុចគីឡូម៉ែត្រ លេខ១២០ ដល់ចំណុចគីឡូម៉ែត្រលេខ១៧១+២០០ គឺដោយសារក្រុមហ៊ុនហ៊ានទម្លាក់ថ្លៃទាបបំផុត ដែលទឹកប្រាក់នេះ មិនអាចមានតុល្យភាពទៅនិងគម្រោងស្ថាបនា ដូច្នេះក្រុមហ៊ុន ត្រូវតែបង្ខំចិត្តកេង ចំណេញបច្ចេកទេស ទាញយកផលចំណេញ និងធ្វើឲ្យការស្ថាបនានឹងគ្មានគុណភាព។
ចំពោះព័ត៌មានមួយដែលបានលើកឡើងថា ក្រុមហ៊ុនធ្វើផ្លូវនេះ ជាប់នៅក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននោះ ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អះអាងថា មិនមានករណីនេះឡើយ ហើយបើជាប់នៅក្នុងបញ្ជីខ្មៅមែននោះ ក៏អង្គការ JICA មិនអនុញ្ញាតឲ្យដេញគម្រោងទាំងនេះឡើយ។
អ្នកដឹងរឿង និងក្រុមហ៊ុនមួយចំនួន បានសំណូមពរឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេស JICA ត្រួតពិនិត្យឡើងវិញ លើគម្រោងដេញថ្លៃក្រុមហ៊ុន ហាន់ស៊ីន (HanShin)នេះ ប្រយោជន៍ការពារឲ្យគម្រោងស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ របស់ JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ មានគុណភាពល្អ លក្ខណៈស្តង់ដារ ឬតាមរយៈការដកកញ្ចប់ថវិកាគម្រោង របស់ក្រុមហ៊ុនយកមកដេញថ្លៃឡើងវិញ។
យោងតាមរបាយការណ៍របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញថា សម្រាប់គម្រោងស្ថាបនាឡើងវិញលើកំណាត់ផ្លូវជាតិលេខ៥ រួមមាន៖
*កញ្ចប់កិច្ចសន្យាទី១ សាងសង់ដោយក្រុមហ៊ុន Tekken Taiyu Joint Venture ប្រវែងសរុប៤៦,២៧គីឡូម៉ែត្រ (រួមមានការពង្រីកផ្លូវមេមានប្រវែង២២,៣៥គីឡូម៉ែត្រ និងការសាងសង់ផ្លូវវាងក្រុងបាត់ដំបង ប្រវែង២៣,៩២គីឡូម៉ែត្រ)។
*កញ្ចប់កិច្ចសន្យាទី២ សាងសង់ដោយក្រុមហ៊ុន Daiho Asanuma Joint Venture ប្រវែងសរុប៣៨,៤៧គីឡូម៉ែត្រ (រួមមាន ការពង្រីកផ្លូវមេប្រវែង ២៩,១៣ គីឡូម៉ែត្រ និងសាងសង់ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង៩,៣៤គីឡូម៉ែត្រ)។
តែបើតាមការលួចបង្ហើបពីក្រុមហ៊ុនផ្សេងនោះ បានឲ្យដឹងថា «ការងាធ្វើផ្លូវជាតិលេខ5 JICA ចែកជា៣ផ្នែក គឺផ្នែកខាងជើងពីបាត់ដំបងទល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ផ្នែកខាងត្បូង ពីស្ពានព្រែកក្ដាមទល់ ធ្លាម្អមជិតខេត្តពោធិ៍សាត់ និងផ្នែកកណ្ដាល ពីធ្លាម្អមដល់ខេត្តបាត់ដំបង។ ក្នុងមួយផ្នែកៗ ចែកជា៣កញ្ចប់ ចឹងសរុបទាំង៣ផ្នែក មាន៩កញ្ចប់ ហើយនៅពេលនេះ ក្រុមហុ៑នហាន់ស៊ីនដេញបានកញ្ចប់ទី៣ ផ្នែកខាងត្បូង»។
មជ្ឈដ្ឋានមួយចំនួន បានសំណូមពរឲ្យខាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេស JICA ត្រួតពិនិត្យឡើងវិញ លើគម្រោងដេញថ្លៃក្រុមហ៊ុន ហាន់ស៊ីង (HanShin)នេះ ប្រយោជន៍ការពារឲ្យគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់ JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ មានគុណភាពល្អ លក្ខណៈស្តង់ដារ ឬតាមរយៈការដកកញ្ចប់ថវិកាគម្រោង របស់ក្រុមហ៊ុន ហាន់ស៊ីន (HanShin) យកមកដេញថ្លៃឡើងវិញ៕