(ត្បូងឃ្មុំ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្ដ៣គ្រឿងបុកគ្នា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៨ ចំណុចគីឡូម៉ែត្រលេខ ១៣៦-១៣៧ ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រថយន្តម៉ាកសាំងយ៉ុង ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ណន ម៉ោង អាយុ៤២ឆ្នាំ នៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងអ្នករួមដំណើរចំនួន០២នាក់ ទី១៖ ឈ្មោះ ពេជ្រ ភារុន អាយុ៣៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងទី២៖ ឈ្មោះ វ៉េត ឌឹក អាយុ២៣ឆ្នាំ (របួសធ្ងន់)។
បុកជាមួយរថយន្តម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2M-2984 បើកបរដោយឈ្មោះ ឱក លន់ អាយុ៤៤ឆ្នាំ នៅភូមិសេរីសុខា ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងអ្នករួមដំណើរចំនួន០២នាក់ ទី១៖ ឈ្មោះ សុត សម្បត្តិ អាយុ៣២ឆ្នាំ (របួសស្រាល) និងទី២៖ ឈ្មោះ ឡាញ់ តុល អាយុ២៧ឆ្នាំ (គ្មានរបួស) និងបុកជាមួយរថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2Z-9856 បើកបរដោយឈ្មោះ ឆាយ ចន្ថា អាយុ៣២ឆ្នាំ នៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរចំនួន០២នាក់ ទី១៖ ឈ្មោះ ណាក់ រ័ត្ន អាយុ១៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងទី២៖ ឈ្មោះ ឈុំ ឆុន អាយុ៣៣ឆ្នាំ (របួសធ្ងន់)។
បើតាមលោកឧត្តមសេនីយ៍ស្នងការ រថយន្តសាំយ៉ុង ពណ៌ស បើកបរពីក្រែក ទៅព្រៃវែង (ជើង-ត្បូង) ខណៈមកដល់ចំណុចកើតហេតុ បានបុករថយន្តម៉ាកទីតាន់ពីក្រោយដែលកំពុងបើកបរស្របទិសគ្នា ហើយរថយន្តម៉ាកទីតាន់ក៏ជ្រុលទៅបុករថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ដែលកំពុងបើកបរបញ្ច្រាសទិសពីព្រៃវែង មកក្រែក (ត្បូង-ជើង)។ ដោយឡែកមូលហេតុវិញ រថយន្តសាំយ៉ុង ពណ៌ស ប្រើប្រាស់ល្បឿន។
ក្រោយកើតហេតុ វត្ថុតាងទាំងបីគ្រឿង ជំនាញបានស្ទូចដើម្បី យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកក់ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕