(កណ្ដាល)៖ ដើម្បីចូលរួមអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនលេខ៦០៥ និងកងកម្លាំងវរសេនាតូចយោធាការពារព្រំដែន លេខ៦០១ ដែលកំពុងបំពេញបេសកកម្មតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ព្រុំ សុខា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចក្រឡាហោម ស ខេង ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជានិច្ចដល់សុខទុក្ខរបស់កងកម្លាំងនគរបាល និងយោធាដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងការកោតសរសើរ ដល់វីវភាពពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងម្លាំង ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រពីសំណាក់អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាងជាមិត្តភូមិផងរបងជាមួយ បានល្អប្រសើរគួរឲ្យកត់សម្គាល់។ ស្នាដៃនេះគឺជាចំណែក នៃសមិទ្ធផលដ៏ធំធេងសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនជឿនលឿនជាលំដាប់។
លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ ពីកត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធានាដល់ភាព រុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្តរបស់ប្រជាជនយើងនាពេលបច្ចុប្បន្ន ក៏ដូចជាទៅអានាគត គឺសន្តិភាព និងស្ថិរភាព ហើយនោះ ក៏ជាបុព្វបទដើម្បីធានាឲ្យប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅលើផ្លូវប្រជាធិបតេយ្យពិតប្រាកដ។
នៅក្នុងឱកាសនោះដែរ ប្រតិភូបានផ្តល់ថវិកា ឧបត្ថម្ភជូនកងវរសេនាតូចទាំងពីរ នូវថវិកាចំនួន៥.០០០.០០០រៀល ក្នុងមួយកងរវសេនាតូច និងជូនកម្លាំងនគរបាល និងយោធាក្នុងម្នាក់ៗ ថវិកាចំនួន១០០.០០០រៀល ព្រមទាំងសម្ភារៈជូនអង្គភាពទាំងពីរ សរុបរួមមាន មី២០៥កេស, ត្រីខ១៧កេស, ទឹកបរិសុទ្ធ១៧កេស, សាច់គោ១៥០គីឡូ, សាច់ជ្រូក១៥០, ត្រីរ៉ស់៣០០គីឡូ, បន្លែ, ទឹកត្រី, ទឹកស៊ីអ៊ីវ និងស្រាបៀរមួយចំនួនទៀត៕