(ភ្នំពេញ)៖ ដោយ​សារកាលពីថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនចុងក្រោយគឺ OPPO F7 ដែលមានរូបរាងស្អាត និងលក្ខណៈពិសេសៗ គួរឲ្យចាប់អារម្មណ៍ជាច្រើន ស្រដៀងនឹង iPhone X។ ដូច្នេះ ថ្ងៃនេះយើងសាកល្បងធ្វើការ ប្រៀបធៀបវាជាមួយ iPhone X ចង់ដឹងថាទូរសព្ទអេក្រង់​ឆកមានតម្លៃខ្ទង់ ៣០០ដុល្លារ និងខ្ទង់ ១,០០០ដុល្លារទាំងពីរនេះ មានចំណុចល្អពិសេសអ្វីខ្លះ ដែលអាចប្រៀបធៀបគ្នាបាន?

១៖ រូបរាង និងរចនាបថជាដំបូងយើងមកមើលរូបរាងរបស់ទូរសព្ទទាំង ២នេះសិន អាចនិយាយបានថា OPPO F7 និង iPhone X ពិតជាស្រស់ស្អាតទាន់សម័យ។ ដោយ iPhone X ត្រូវបានក្រាលផ្ទៃខាងក្រោយដោយកញ្ចក់ និងស៊ុមជាលោហៈធាតុ Stainless Steel និងមានកាមេរ៉ាលៀនចេញមកបន្ដិច ចំណែកឯ OPPO F7 ក៏បានផ្លាស់ប្ដូរខ្នងខាងក្រោយមកជាកញ្ចក់ដែរ និងស្រោបមកដល់មុខ ជាប្រភេទ Uni-Body ប៉ុន្តែកាមេរ៉ាមិនលៀនមកច្រើនទេហើយក៏ឃើញមានស៊េនស័រស្កេនម្រាមដៃផងដែរ។ iPhone X មានកម្រាស់ ៧.៧មីលីម៉ែត្រ និងទម្ងន់ដល់ ១៧៤ក្រាម ខណៈពេលដែរ OPPO F7 មានកម្រាស់ ៧.៨មីលីម៉ែត្រ និងទម្ងន់ ១៥៨ក្រាម។ ទៅលើការរចនាយើងអាចឲ្យពិន្ទុទៅ OPPO F7 ច្រើនជាង iPhone X ដោយសារតែវាមានរូបរាងសាមញ្ញទម្លាប់ចាស់ កាមេរ៉ាក៏មិនលៀនចេញខ្លាំង ហើយវាក៏មានទំងន់ស្រាលងាយស្រួលកាន់ ជាងផងដែរ។ បើទោះជាអេក្រង់របស់វាធំជាង iPhone X ឆ្ងាយក៏ដោយ។ ប៉ុន្តែសម្រាប់ប្រិយមិត្តមួយចំនួនប្រហែលជាស្រលាញ់រូបរាង Compact របស់ iPhone X ជាងដោយមិនខ្វល់ពីទំងន់ទេ វាក៏អាស្រ័យទៅតាមអ្នកប្រើប្រាស់ដែរ។

២៖ អេក្រង់ និងកម្រិតបង្ហាញភាពច្បាស់ iPhone X និង OPPO F7 សុទ្ធតែជាទូរសព្ទមានអេក្រង់ឆកដូចគ្នា ដោយ OPPO F7 បានប្រើប្រាស់ នូវអេក្រង់ LTPS IPS LCD មានទំហំ ៦.២៣អ៊ីញ លាតប្រហែល ៨២.៥% នៃផ្ទៃខាងមុខជាអេក្រង់ទ្រវែងមានវិមាត្រ 19:9 Ratio មានកម្រិតបង្ហាញ Full HD+ (2280x1080 ភិចស៊េល) និងដង់ស៊ីតេអេក្រង់ ៤០៥ ppi។ ចំណែកឯ iPhone X វិញមានអេក្រង់ OLED ទំហំ ៥.៨ អ៊ីញលាតប្រហែល ៨២.៩% នៃផ្ទៃខាងមុខកម្រិតបង្ហាញក្បែនឹង Quad HD ដែរគឺ (1125 x 2438 ភិចស៊ែល) និងដង់ស៊ីតេអេក្រង់ 458 ppi។ ទៅលើទំហំអេក្រង់គឺ OPPO F7 ធំជាងប្រមាណជិតកន្លះអ៊ីញដែរ ប៉ុន្តែអេក្រង់ OLED របស់ iPhone X ជាអេក្រង់ល្អជាង មានដង់ស៊ីតេខ្ពស់ បង្ហាញបានច្បាស់ម៉ត់ជាងព្រមទាំង HDR10 ទៀតផង អញ្ចឹងពិន្ទុអេក្រង់ iPhone X គឺប្រាកដជាទទួលបានមេដៃ។

៣៖ កម្លាំងម៉ាស៊ីនកម្លាំងម៉ាស៊ីន យើងដឹងយ៉ាងច្បាស់ណាស់ថា iPhone X ខ្លាំងមិនធម្មតាទេ ព្រោះវាប្រើឈីប A11 Bionic រ៉េមដល់ ៣ ជីកាបៃ ទំហំផ្ទុក ៦៤ ឬ១២៨ជីកាបៃ និងដំណើរការដោយ iOS 11។ ចំណែកឯ OPPO F7 ប្រើប្រាស់ឈីប Helio P60 ទើបនឹងចេញថ្មីមានរ៉េមទំហំ៤
ឬ៦ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ឬ១២៨ជីកាបៃ ហើយវាក៏មានសមត្ថភាពបន្ថែម microSD បានដល់ ២៥៦ជីកាបៃផងដែរ។ F7 ដំណើរការដោយ Android Oreo និងប្រើប្រាស់ផ្ទៃអ៊ីធើហ្វេស ColorOS 5.0 ជំនាន់ចុងក្រោយ។ ទៅលើកម្លាំង iPhone X ប្រាកដជាកប់ហើយ ប៉ុន្តែ OPPO F7
ក៏មិនអន់ដែរ ព្រោះឈីប Helio P60 គឺជាឈីបតូច និងមានបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត AI ជំនួយគ្នាទៅលើល្បឿន ម្យ៉ាងទៀតវាក៏មានរ៉េមធំ
និងអាចបន្ថែមមេម៉ូរីខាងក្រៅបានផងដែរ ដូចនេះវាក៏ស្ថិតនៅលើលំដាប់លើសបង្គួរផងដែរ។

៤៖ កាមេរ៉ា iPhone X គឺជាទូរសព្ទដែលមានកាមេរ៉ាល្អបំផុតរបស់ Apple ជាពិសេសកាមេរ៉ាភ្លោះនៅខាងក្រោយ ដែមានទំហំ១២ មេហ្គាភិចស៊ែល ទាំង២គ្រាប់កម្រិត Aperture f/1.8 និង f/2.4 និងមានមុខងារទប់លំនឹង OIS ទាំង២គ្រាប់ដូចគ្នាជំនួយទៅដល់ការថតវីឌីអូ 4K ល្បឿន ៦០
ហ្វ្រេមបានយ៉ាងល្អ។ ចំណែកកាមេរ៉ាក្រោយរបស់ OPPO F7 មានទំហំ១៦មេហ្គាភិចស៊ែល Aperture f/1.8 ធំផងដែរ និងថតវីឌីអូត្រឹម Full HD
ប៉ុណ្ណោះ។ ផ្នែកាមេរ៉ាក្រោយ គឺមិនអាចប្រជែងជាមួយ និងកាមេរ៉ាភ្លោះរបស់ iPhone X បានទេព្រោះវាគឺជាកាមេរ៉ាលំដាប់កំពូលទៅហើយ ប៉ុន្ដែ
OPPO F7 ក៏ជាកាមេរ៉ាល្អក្នុងលំដាប់បង្គួរដែរ ព្រោះវាក៏មានមុខងារ Portrait ថតព្រាល នៅលើលេនតែមួយគ្រាប់ប៉ុណ្ណោះ ហើយក៏មានមុខងារ
Vivid Mode ចាប់រូបភាពមានពណ៌លេចស្រស់ និងមាន Scene ថតរូប ១៦ សម្រាប់អ្នកមិនសូវចេះកំណត់ប្លង់ផងដែរ ដូចជាថតរូបអាហារ, ថ្ងៃលិច,
នៅកន្លែងពន្លឺទាប, បែបទេសភាព ។ល។