(ភ្នំពេញ)៖ រថយន្ត Pick Up ដែលពោរពេញដោយថាមពល និងប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបម៉ាក Chevrolet Colorado Centennial ឆ្នាំ២០១៨ ដែលមានតែចំនួន១០គ្រឿងនោះ បានមកដល់ទីផ្សារកម្ពុជា ហើយបានប្រកាសសម្ពោធលក់ជាផ្លូវការកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅអាគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Chevrolet សង្កាត់ទឹកថ្លា ។

ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ ក្នុងឆ្នាំ២០១៨នេះ រថយន្តម៉ាក Chevrolet Colorado ឆ្នាំ២០១៨ ក៏ត្រូវបានលោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Chevrolet ប្រកាសថា រថយន្តម៉ាក Pick Up ប្រភេទមួយនេះមានអាយុកាល១០០ឆ្នាំគត់ ដែលគិតតាំងពីការចាប់ផ្តើមផលិតដំបូងនៅក្នុងឆ្នាំ១៩១៨។

លោក ពិសិដ្ឋ បានបញ្ជាក់ថា ដើម្បីអបអរសាទរខួបគំរប់១០០ឆ្នាំនៃការបង្កើតរថយន្តភីកអាប់នេះ ក្រុមហ៊ុនដែលមានទីតាំងនៅទីក្រុង Detroit សហរដ្ឋអាមេរិក បានផលិតរថយន្តភីកអាប់ម៉ាក Chevrolet Colorado Centennial ២០១៨ តែចំនួន១០០គ្រឿងតែប៉ុណ្ណោះ ក្នុងពិភពលោក ហើយកម្ពុជាមានរថយន្តប្រភេទនេះតែ១០គ្រឿងប៉ុណ្ណោះសម្រាប់លក់នៅក្នុងទីផ្សារ។

លោកបានបញ្ជាក់បន្ថែមថា Chevrolet Colorado Centennial ជារថយន្តដែលទំនើបបំផុត ជាមួយនឹងការរចនារូបរាង ផ្នែកខាងក្រៅ ខាងក្នុង និងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ ពិសេសប្រព័ន្ធសុវត្ថិភាព៕