(ភ្នំពេញ)៖ វិនិយោគិនរបស់ប្រទេសកម្ពុជា-ចិន នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានជួបជុំគ្នា ក្នុងសិក្ខាសាលាស្ដីពី «វិនិយោគនៅកម្ពុជា» ដែលជាផ្នែកមួយនៃ ពិព័រណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន លើកទី១ នៅកម្ពុជា ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគរួមគ្នា ជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សិក្ខាសាលាដ៏មានអត្ថន័យនេះ មានការចូលរួមពីវិនិយោគិន កម្ពុជា-ចិន ប្រមាណជិត១០០នាក់ និងមានការអញ្ជើញចូលរួមបើក ដោយលោក ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
លោក ស៊ាង ថៃ បានថ្លែងថា សិក្ខាសាលាស្ដីពី «វិនិយោគនៅកម្ពុជា» ដ៏មានប្រយោជន៍នាពេលនេះ ដើម្បីពិភាក្សាឲ្យបានស៊ីជម្រៅ និងស្វែងយល់ឲ្យកាន់តែច្បាស់ អំពីសក្ដានុពលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម រូបនេះ បានបន្ដទៀតថា «វិស័យពាណិជ្ជកម្ម និងវិនិយោគ បានរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យមានកំណើនជាមធ្យម ប្រចាំឆ្នាំក្នុងរង្វង់៧% ក្នុងរយៈពេល២០ឆ្នាំ កន្លងទៅ»។
លោកបានលើកឡើងផងដែរថា ក្រសួងពាណិជ្ជកម្ម បានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗ ក្នុងប្រទេសចិន បានចំនួន២កន្លែង ក្នុងឆ្នាំ២០១៧ គឺនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុន និងទីក្រុងស៊ីអាន ខេត្តសានស៊ី ហើយកំពុងរៀបចំបើកបន្ថែមទៀតនៅ ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងម៉ាកាវ ទីក្រុងយូណាន និងទីក្រុងមួយចំនួនទៀត។
លោក ស៊ាង ថៃ បន្ដទៀតថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេស គឺជាកន្លែងតាំង បង្ហាញនូវផលិតផលខ្មែរ ជាអចិន្ដៃ្រយ៍ ជាកន្លែងផ្សព្វផ្សាយ ឯកសារទាក់ទង នឹងវិស័យវប្បធម៌ វិនិយោគ និងទេសចរណ៍នៅកម្ពុជា ជូនភ្ញៀវបរទេស សិក្សាស្វែងយល់ មុននឹងធ្វើដំណើរមកកម្ពុជាផ្ទាល់។
សូមជម្រាបថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា វិនិយោគិនចិនបានឈរលំដាប់ទី១ ដែលបានបណ្តាក់ទុនរកស៊ី នៅកម្ពុជាច្រើនជាងគេ ដែលរហូតដល់ជិត១៥ប៊ីលានដុល្លាអាមេរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងយ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ១៩៩៤ មកវិនិយោគិនចិនឈរនៅលំដាប់ទី១ ក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេស ដោយបានបណ្តាក់ទុន នៅកម្ពុជា ប្រមាណជិត១៥ប៊ីលានដុល្លារអាមេរិក»។
វិនិយោគិនចិនភាគច្រើន មកបណ្តាក់ទុកនៅកម្ពុជាដោយ ផ្តោតលើវិស័យថាមពល ឧស្សាហកម្មកាត់ដេរ ធនាគារ និងហិរញ្ញវត្ថុ ទូរគមនាគមន៍ សំណង់និងអចលនទ្រព្យ ទេសចរណ៍ និង វិស័យកសិកម្ម ជាដើម៕