(តួកគី)៖ ស្ថានីយ៏ទូរទស្សន៍ដ៏ល្បីមួយ TRT World របស់ប្រទេសតួកគី បានចេញផ្សាយនូវវិដេអូឯកសារសំខាន់មួយ ដោយបង្ហាញពីវិធីសាស្រ្តសំងាត់៥យ៉ាង ដែលអង្គភាពស៊ើបការណ៍របស់អាមេរិក CIA បានផ្តួលរំលំរដ្ឋាភិបាលបរទេសជាច្រើន។ ទាំងនេះជាវិធី៥យ៉ាង ក្រោមរូបភាពជាក់ច្បាស់ ឬពុំសូវជាក់ច្បាស់ ដែលពួកគេបានធ្វើ៖ (សូមទស្សនាវិដេអូ)
វិធីទី១៖ ដែល CIA ព្យាយាមជាទូទៅគឺ ការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមប្រឆាំង។ នេះជាវិធីមួយដែលមានសុវត្ថិភាពនិងងាយស្រួសបំផុតសម្រាប់ CIA តាមរយៈ រូបភាពសាមញ្ញ ដោយគ្រាន់តែផ្តល់លុយដល់ក្រុមប្រឆាំង ឬរូបភាពស្មុគ្រស្មាញ ដោយគាំទ្ររដ្ឋប្រហារយោធា ហើយករណីនេះបានកើតឡើងនៅប្រទេសវៀតណាម ខាងត្បូងក្នុងឆ្នាំ១៩៦៣ និងករណីស្រដៀងគ្នាមួយចំនួនទៀតនៅប្រទេសប្រេស៊ីល និងប្រទេសហ្គាតាមេឡា។ តាមឯកសារដែលលែងចាត់ថ្នាក់ជាឯកសារសម្ងាត់ បានបង្ហាញថា CIA បានគាំទ្រមេក្លោងរដ្ឋប្រហារ ពោលគឺឧត្តមសេនីយ៍ជាច្រើន ដើម្បីផ្តួលរំលំ Ngo Dinh Diem។
វិធីទី២៖ គឺការធ្វើឃាដ។ ការធ្វើឃាដមេដឹកនាំ ដើម្បីដាក់ជំនួសដោយភាគីដែលគាំទ្រដោយអាមេរិក គឺជាជម្រើសមួយទៀត។ CIA បានព្យាយាមជាបន្តបន្ទាប់ ដើម្បីធ្វើឃាដមេដឹកនាំ ដែលកើតឡើងពីការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនៅប្រទេសកុងហ្គោ គឺ លោក LUMUMBA។ ពួកគេបានទទួលជោគជ័យ នៅឆ្នាំ១៩៦១ ប៉ុន្តែដោយសារអ្នកគាំទ្រលោក LUMUMBA មានចំនួនដ៏ច្រើនលើសលុបដែលពួកគេមិនអាចដាក់ជំនួសគូប្រជែងរបស់លោក LUMUMBA ឡើងកាន់អំណាចបាន ដែលករណីនេះបានធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពវឹកវរផ្នែកនយោបាយអស់រយៈពេល៤ឆ្នាំ។
វិធីទី៣៖ គឺការបំផ្លាញសេដ្ឋកិច្ច ឬការធ្វើឃាដសេដ្ឋកិច្ច ដោយប្រើវិធីបើកចំហរ ឬវិធីសម្ងាត់ ដើម្បីបំផ្លាញប្រព័ន្ធហិរញ្ញវត្ថុនៃប្រទេសគោលដៅ តាមរយៈការដាក់ ទណ្ឌកម្ម។ អាមេរិកអាចធ្វើឱ្យគណបក្សនយោបាយបាត់បង់ម្ចាស់ការ។ វិធីនេះគឺត្រូវបានប្រើប្រឆាំងនឹងប្រទេសឈីលីនៅអំឡុងឆ្នាំ១៩៧០ បន្ទាប់ពីការបន្តអនុវត្តគោល នយោបាយជាតូបនីយកម្មយ៉ាងរឹងមាំរបស់លោក Salvador Allende លើវិស័យសំខាន់ៗមួយចំនួន ដែលរដ្ឋាភិបាលអាមេរិកមិនគាំទ្រ។ លោកប្រធានាធិបតី Richard Nixon បានប្រាប់ CIA ថា «ធ្វើឱ្យសេដ្ឋកិច្ចឈីលីស្រែកទ្រហោរ»។ ទីភ្នាក់ងារនេះបានធ្វើការជាមួយក្រុមចំនួនបី នៅប្រទេសឆីលីដើម្បីរៀបចំរដ្ឋប្រហារ ប្រឆាំងលោក Allende។ អាមេរិកបានធ្វើការជាបន្តបន្ទាប់ដើម្បីធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចរបស់ប្រទេសឈីលី រហូតដល់ឧត្តមសេនីយ៍ Augusto Pinochet ឡើងកាន់អំណាចជំនួស Salvador Allende តាមរយៈរដ្ឋប្រហារយោធាឆ្នាំ១៩៧៣។
វិធីទី៤៖ គឺការកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយ។ CIA នឹងទិញ និងប្រើសារព័ត៌មាន ទូរទស្សន៍ និងស្ថានីយ៍វិទ្យុ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់សាធារណជន និងជំរុញឱ្យ មានចលនាប្រឆាំងនឹងរដ្ឋាភិបាល។ នេះជាអ្វីដែលបានកើតឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅពាក់កណ្តាលសតវត្សទី២០។ CIA បានទិញនិងកាន់កាប់ ៤០% នៃសារព័ត៌មាន Rome Daily America ដែលដំបូងគឺដើម្បីបញ្ចៀសការកាប់កាប់ដោយពួកកុម្មុនីស្តយ៍ ប៉ុន្តែក្រោយមកត្រូវបានអតីតមន្រ្តី CIA បកអាក្រាតថា «វាជារឿងស្រួលក្នុងការទិញអ្នករាយការណ៍ព័ត៌មានមួយ ជាជាងការទិញបណ្តាញសារព័ត៌មានមួយ ហើយនេះជាអ្វីដែលពួកយើងបានធ្វើ» ហើយទីភ្នាក់ងារនេះ បានរក្សាអ្នកសារព័ត៌មានអាមេរិក និងបរទេសជាច្រើនដោយផ្តល់ប្រាក់ខែ។
វិធីទី៥៖ គឺការបង្កើតឱ្យមានភាពចលាចល។ ការបងើ្កតឱ្យមានភាពវឹកវរក្នុងចំណោមសាធារណជន និងការបង្កើតឱ្យមានភាពតានតឹងក្នុងសង្គមតាមរយៈការប្រឆាំង តវ៉ាតាមដងផ្លូវ គឺជាវិធីមួយទៀតដែលទីភ្នាក់ងារនេះធ្វើឡើងដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយការធានាថាអ្នកតវ៉ាមិនដឹងពីមូលហេតុពិតនៃការតវ៉ា គឺជាចំណុចគន្លឹះ (បដិវត្តពណ៌)។ ជាក់ស្តែង មេដឹកនាំជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ លោក Mohammad Mosaddegh ដែលបានធ្វើជាតូបនីយកម្ម ឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដែលពីមុនគ្រប់គ្រងដោយក្រុមហ៊ុនរបស់អង់គ្លេសបានធ្វើឱ្យអាមេរិកនិងអង់គ្លេសមិនពេញចិត្ត។ ប្រទេសទាំងពីរនេះបានញុះញង់ ឱ្យមានរដ្ឋប្រហារផ្តួលរំលំលោក Mohammad Mosaddegh នៅឆ្នាំ១៩៥៣ ដែលកត្តាសំខាន់បំផុតគឺកិច្ចខិតខំប្រឹងប្រែងរបស់ CIA ដោយបានចំណាយប្រាក់ ជាច្រើនលានដុល្លារនៅទីក្រុង Tehran ដើម្បីទិញទឹកចិត្តអ្នកគាំទ្ររបស់លោក Mohammad Mosaddegh និងផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ការប្រឆាំងតវ៉ាតាមផ្លូវ។ ជាលទ្ធផលលោក Mosaddegh ត្រូវឃុំខ្លួនឱ្យរស់នៅក្នុងផ្ទះអស់មួយជីវិត។
* ទាំងនេះជាអ្វីដែលយើងបានដឹងពីរឿងសម្ងាត់របស់អង្គភាពនេះ ប៉ុន្តែនរណាទៀតដែលដឹងនូវអ្វីដែលយើងមិនបានដឹង៕