(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានបើកពិធីមួយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងគ្រឹស្តសរាជ២០១៨ ឈ្មោះថា «សង្ក្រាន្តពោធិ៍សែនជ័យ» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ និងការបង្ហាញនូវល្បែងប្រជាប្រិយ៍ផ្សេងៗ ព្រមទាំងការដាក់តាំងបង្ហាញ ផលិតផលខ្មែរ ការប្រគុំតន្ត្រី ឆាកកំប្លែង ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ការប្រណាំង រទេះគោ ជិះកង់លើស្ពានឆ្លងទឹកជាដើម។
ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងព្រៃឈើទាល មុខវត្តជន្លុងម្លូរ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ឃុន ហាំង, លោក នួន ថារដ្ឋ អភិបាលរងរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា លោកបានឡើងធ្វើជាអភិបាលខណ្ឌពោធិ៍សែនជ័យ នៅក្នុងអំឡុងឆ្នាំ២០០៤ ហើយលោកបានរៀបចំធ្វើពិធីសង្ក្រាន្តនេះ រយៈពេល៣ឆ្នាំជាប់ៗគ្នាមកហើយ ឲ្យតែដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ តែងតែធ្វើពិធីសង្ក្រាន្ត ជាបន្តបន្ទាប់គឺនៅក្នុងឆ្នាំ២០១៦ បានធ្វើឡើងនៅក្នុងវត្តតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ លុះឆ្នាំ២០១៧ បានប្រារព្ធធ្វើឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
លោកអភិបាលខណ្ឌបានបន្តទៀតថា គោលបំណងដែលរៀបចំពិធីនេះឡើង គឺដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិ ហើយក៏ចង់បង្ហាញពីវប្បធម៌ និងប្រពៃណីរបស់ខ្មែរយើងផងដែរ។ សង្ក្រាន្ដពោធិ៍សែនជ័យនៅក្នុងឆ្នាំនេះ មានកម្មវិធីកំសាន្តជាច្រើន ដូចជាការប្រឡងវបរកញ្ញាវ័យចំណាស់ ការប្រកួតកីឡាប្រដាល់ ក្បាច់គុណបុរាណខ្មែរ ការប្រណាំងរទេះគោ ការជិះកង់លើស្ពានឆ្លងទឹក ការប្រគុំតន្ត្រី ឆាកកំប្លែង ការតាំងពិពរណ៍បង្ហាញផលិតផលខ្មែរ តាមស្តង់របស់សង្កាត់នីមួយៗ ការប្រគុំចាប៉ីដងវែង ការលេងល្បែងប្រជាប្រិយ៍ និងកម្មវិធីជាច្រើនទៀត។
លោក ហែម ដារិទ្ធិ គូសបញ្ជាក់ថា សង្ក្រាន្តនេះបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ទើបត្រូវបញ្ចប់ ហើយលោកសង្ឃឹមថា នឹងមានការអញ្ជើញចូលរួមកំសាន្ត ពីសំណាក់បងប្អូនប្រជាពលរដ្ឋច្រើនកុះករ ជាមិនខានឡើយ។ លោកផ្ដាំផ្ញើឲ្យបងប្អូនទាំងអស់ ដែលចូលរួមកំសាន្តជួយទិញផលិតផលខ្មែរយើង និងជាជួយរក្សាសន្តិសុខសណ្ដាប់ធ្នាប់ទាំងអស់គ្នា ចៀសវាងមានបញ្ហាអាក្រក់ផ្សេងៗកើតឡើងបាន៕