(ភ្នំពេញ)៖ មន្ត្រីរាជការថ្មីនៃក្រសួងទេសចរណ៍ចំនួន ៥០នាក់ បានទទួលការបណ្ដុះបណ្ដាលស្ដីពីការតម្រង់ទិសមន្ត្រីរាជការក្របខណ្ឌថ្មី រយៈពេល៥ថ្ងៃ ព្រមទាំងបានទទួលបាននូវអនុសាសន៍ របៀបរបបរដ្ឋបាល និងជំនាញនានាជាច្រើនទៀត ពីសំណាក់ថ្នាក់ដឹកនាំតាមនាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍។
វគ្គបណ្ដុះបណ្ដាល៥ថ្ងៃនេះ បានរៀបចំឡើងចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០១៨ ហើយពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែមីនា ក្រោមអធិបតីភាពលោក គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ក្នុងឱកាសនោះ លោកអគ្គនាយក គង់ សូលីដា បានឲ្យដឹងថា តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្វែងរកសុខសន្តិភាព រក្សាស្ថិរភាព និងបានដាក់ចេញគោលនយោបាយ និងកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍធនធានមនុស្ស ដែលកិច្ចខិតខំទាំងនេះបានធ្វើឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ។ សមិទ្ធផលសង្គម និងនយោបាយដែលសម្រេចបានទាំងនេះ អាស្រ័យដោយរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ និងកម្មវិធីកំណែទម្រង់បានត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងការបេ្តជ្ញាចិត្ត ការចូលរួម និងការគាំទ្រយ៉ាងទូលំទូលាយ ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានាយ៉ាងហ្មត់ចត់ជាប់ជាប្រចាំ។
ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោករដ្ឋមន្ត្រី ថោង ខុន បានធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយនៅឆ្នាំ២០១៧ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមាន ៥.៦លាននាក់ កើនទ្បើង ១១.៨% នាំចំណូលជូនជាតិ ៣,៦៣៨ពាន់លានដុល្លាអាមេរិក និងបង្កើតការងារដោយផ្ទាល់ ៦២ម៉ឺននាក់ រួមចំណែក ១២.៣% នៃផលិតផលក្នុងស្រុក (GDP)។ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៨ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានជាង ១.១លាននាក់ កើនទ្បើង ១១.១%។
លោកអគ្គនាយកបានបន្តថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ ដែលនឹងនាំមកនូវប្រាក់ចំណូលសរុប ៥ពាន់លានដុល្លារ ព្រមទាំងបង្កើតការងារដោយផ្ទាល់ជិត ១លាននាក់ ហើយនៅឆ្នាំ២០៣០ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ១២លាននាក់។
លោក គង់ សូលីដា បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្រ្តីរាជការ ត្រូវតែខិតខំបន្តជំរុញអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មានភាពច្នៃប្រឌិត និងមានការយកចិត្តទុកដាក់ ទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន មានស្មារតីសាមគ្គីភាព មានឆន្ទៈចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាពិសេសបន្តធ្វើទំនើបកម្មអភិវឌ្ឍសមត្ថភាព របស់ខ្លួនតាមរយៈការពង្រឹងការងារស្រាវជ្រាវបន្ថែម ពិសេសត្រូវយល់ដឹងឱ្យកាន់តែស៊ីជម្រៅពីការប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ច ជាមន្ត្រីរាជការក្នុងបរិបទដែលត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវវិន័យការងារឱ្យបានច្បាស់លាស់ និងអនុវត្តឱ្យបានហ្មត់ចត់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពការងារក្នុងអង្គភាព និងស្ថាប័ន។
លោកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានផ្តាំផ្ញើដល់កម្មសិក្សាការីជាមន្រ្តីរាជការក្របខណ្ឌថ្មី ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារឲ្យបានល្អ និងចងចាំទុកនូវកិច្ចការសំខាន់ៗមួយចំនួន៖ ត្រូវគោរពសិទ្ធិ និងកាតព្វកិច្ចមន្រ្តីរាជការ ដែលមានចែងក្នុងខ្លឹមសារនៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យមានប្រសិទ្ធភាពខ្ពស់។ បន្តការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងផែនការសកម្មភាពរបស់ក្រសួង និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។ ត្រូវប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពការងារដែលមានស្រាប់ឱ្យចំគោលដៅ និងអភិវឌ្ឍសមត្ថភាពការងារថ្មីៗបន្ថែមទៀត ដោយផ្អែកគោលការណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ»។
ត្រូវចូលរួមផ្សព្វផ្សាយពីសក្តានុពល សេវាកម្ម និងផលិតផលទេសចរណ៍តាមគ្រប់រូបភាព ពិសេសផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ត្រូវមានស្មារតីសាមគ្គីភាព ភាតរភាព និងកិច្ចសហការល្អ ជាមួយថ្នាក់ដឹកនាំ សហការី និងគ្រួសារមន្ត្រី រាជការក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងនាមជាមន្ត្រីរាជការត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍អង្គភាព និងផលប្រយោជន៍របស់មន្រ្តីរាជការ និងត្រូវប្រកាន់នូវគោលជំហរជាមន្ត្រីល្អ និងជាមន្ត្រីគំរូ ដើម្បីបម្រើអង្គភាព ប្រទេសជាតិ និងមាតុភូមិកម្ពុជា៕