​(ភ្នំពេញ)៖ ករណីដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ នៅវេលាម៉ោង០៣៖១៣នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ដោយសារតែ​អេស្កាវ៉ាទ័រធ្វើផ្លូវរបស់ក្រុមហ៊ុន ដូន ពេញ ខនស្ត្រាក់សិន កាយដីប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា​ ការដាច់ភ្លើងនេះ គឺនៅទីតាំងមួយចំនួនស្ថិត ភូមិក្បាលដំរី ភូមិព្រៃសាលា និងភូមិចំការឪឡឹក សង្កាត់កាកាប, សង្កាត់ត្រពាំងក្រសាំង និងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បើតាមអគ្គិសនីកម្ពុជា ក្រោយមានបញ្ហានេះភ្លាមៗ ហើយពេលនេះដែរ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០៧៖​៣០នាទីយប់នេះ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕