(ភ្នំពេញ)៖ នៅទីបំផុត ក្រោយការជជីកសួរនាំអស់រយៈពេល២ថ្ងៃមកនេះករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺបណ្ដើរៗហើយនោះគឺករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។
តាមចម្លើយសារភាពត្រូវបានលេចចេញពីជនពាក់ព័ន្ធមួយចំនួន ក្នុងចំណោមមនុស្សទាំង៨នាក់ ក្នុងនោះមានទាំងលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាល ខេត្តតាកែវ ជាបងប្រុសលោក ឡាយ វណ្ណៈ ក៏បានសារភាពប្រាប់សមត្ថកិច្ចរួចហើយដែរ។
មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះថា ករណីនេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជា។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយខ្នងអំពើឃាតកម្ម ជាអ្នកឲ្យសម្លាប់ស្ដ្រីរងគ្រោះ។
ដំណើរការសួរនាំទៅលើមនុស្សទាំង៨នាក់ រួមមាន៖ ស្នងការរង លោក ឡាយ ណារិទ្ធ, នគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ បាននិងកំពុងបន្ដដើម្បីឈានទៅដល់ការបំបែកអំពើឃាតកម្ម ដ៏កក្រើកនៅតាមបណ្ដាញសង្គមមួយនេះ។
សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែតាមព័ត៌មានច្បាស់ការណ៍មួយចំនួន ដែលអង្គភាពព័ត៌មាន Fresh News ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ៕