(អូស្ត្រាលី)៖ តាមសារព័ត៌មានអូស្រ្តាលីបន្ថែមបានឲ្យដឹងថា ករណីតំណាងរាស្រ្ត ហុង លីម មិនត្រឹមតែបង្ហាញកាយវិការដ៏ឈ្លើយក្នុងពេលប្រជុំសភា នៃរដ្ឋវិចរូតៀ ប្រទេសអូស្ត្រាលីប៉ុណ្ណោះទេ តំណាងរាស្ត្ររូបនេះបានថែមទាំងទៅបង្ករឿងជាមួយសមាជិកសភាដូចគ្នា នៅក្នុងជណ្តើរយន្តថែមទៀត ដែលទង្វើបែបនេះ ត្រូវបានសារព័ត៌មានអូស្ត្រាលីធ្វើការចុះផ្សាយយ៉ាងកក្រើកតែម្តង។
តាមការដកស្រង់ព័ត៌មានពីសារព័ត៌មាន ABC អូស្ត្រាលី នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែមីនាបានឲ្យដឹងថា ពាក្យសម្តីសុំទោស និងឱនលំទោនឡើងវិញ ចំពោះអង្គសភាអូស្ត្រាលី ពីសំណាក់តំណាងរាស្ត្រ ហុង លីម ដែលបានទទួលស្គាល់កំហុស៖
«ថ្ងៃនេះ ខ្ញុំបានធ្វើកាយវិការមិនសមរម្យនៅក្នុងបន្ទប់ ដូច្នេះខ្ញុំសូមអភ័យទោស។ ក្នុងរយៈពេល ៦៧ឆ្នាំ នៃជីវិតរបស់ខ្ញុំ ជាញឹកញាប់ខ្ញុំជាជនរងគ្រោះ នៃការប្រកាន់ពូជសាសន៍។ ខ្ញុំក៏ធ្លាប់បានក្លាយជាគោលដៅ នៃការសើចចំអកផងដែរ។ វារួមបញ្ចូលនូវការសើចចំអក ពីការបញ្ចេញសំឡេងរបស់ខ្ញុំ និងការដែលខ្ញុំពាក្យសម្តីមួយចំនួន។ វាធ្វើឲ្យខ្ញុំឈឺចាប់ណាស់»។
បន្ទាប់ពីការស្រែកឈ្លោះប្រកែកគ្នានោះ បន្តិចក្រោយមកតំណាងរាស្ត្រមួយរូប គឺលោកស្រី ប្រ៊ីតនែល ត្រូវបានលោក ហុង លីម ស្រែកទាំងកម្រោលដាក់លោកស្រី នៅក្នុងជណ្តើរយន្ត នៃអគារសភា។ លោកស្រីបាននិយាយថា អាកប្បកិរិយាបែបនេះ បានធ្វើឲ្យគាត់ភ័យញ័រខ្លួនតែម្តង។ លោកស្រីនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា
«ខ្ញុំគ្រាន់តែនិយាយទៅកាន់គាត់ថា ខ្ញុំពិតជាខកចិត្តនឹងលោកខ្លាំងណាស់ ចំពោះអ្វីដែលលោកធ្វើនៅក្នុងបន្ទប់ប្រជុំថ្ងៃនេះ។ ខ្ញុំមានភាពភ្ញាក់ផ្អើលជាខ្លាំង ហើយស្រាប់ តែគាត់ស្រែកច្រឡោតដាក់ខ្ញុំតែម្ដង។ មនុស្សគ្រប់ទីកន្លែង បានដឹងលឺហេតុការណ៍នេះមាន ភរិយាសមាជិកសភាបក្សសេរីនិយម លោក ដេវីដ សោដវីក និងលោកស្រី ហេលី សោដវីក ផងដែរ ដែលពួកគេកំពុងតែរង់ចាំជណ្ដើរយន្ត ជាមួយកូនស្រី»។
លោកស្រីជាភរិយាអ្នកតំណាងរាស្ត្រម្នាក់បាននិយាយថា បានលឺការស្រែកនោះ ខណៈដែលជណ្ដើរយន្តជិតមកដល់ ហើយពេលដែលទ្វារបើក លោកស្រីក៏បានឃើញ ការឈ្លោះប្រកែកគ្នានោះតែម្តង។ ជណ្ដើរយន្តបានចំណាយពេលយ៉ាងយូរ ទម្រាំយោងមកដល់ជាន់ដែលមានមនុស្សរង់ចាំ ហើយពួកយើងបានលឺសម្រែកចេញពីជណ្តើរយន្ត ក្នុងពេលវាកំពុងចល័តចុះមក។
នៅពេលដែលទ្វារបើក ពួកយើងបានឃើញលោកស្រី រ៉ូម៉ា កំពុងនឹងត្រូវបានលោក ហុង លីម ចង្អុល។ ជាមួយនឹងការស្រែកខ្លាំងៗ វាពិតជាគួរឲ្យខ្លាចសម្រាប់លោកស្រី ហើយកូនស្រីរបស់លោកស្រីក៏ខ្លាចដែរ ដោយពេលនោះពួកយើងមិនប្រាកដថា គួរធ្វើយ៉ាងណានោះទេ ចំពោះសកម្មភាពដ៏កម្រោលបែបនេះ។ នៅពេលនោះ លោកស្រី រ៉ូម៉ា មានភាពភ័យខ្លាច និងបាននិយាយថា គាត់នឹងទៅនិយាយជាមួយលោកប្រធានសភា។ លោក ហុង លីម បានត្រឹមបញ្ជាក់ប្រាប់ថា លោក និងលោកស្រី ប្រ៊ីតនែល បានទាស់សម្ដីគ្នា និងហើយពួកគាត់ទាំងពីរបានពិភាក្សាយ៉ាងតានតឹងជាមួយគ្នាប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចំពោះការបញ្ចេញកាយវិការឲ្យម្រាមដៃកណ្តាល គឺត្រូវបានចាប់ដោយកាមេរ៉ា អំឡុងពេលដែលលោក ហុង លីម និងសមាជិកសភាឯទៀត ប្រជុំពិភាក្សាគ្នានៅថ្ងៃចុងក្រោយ អំពីថវិកាជាតិសម្រាប់ខែឧសភា ដែលត្រូវបានគេមើលឃើញថា ភាពតានតឹងត្រូវបានបង្កឡើងដោយសមាជិកសភាបក្សប្រឆាំង ទៅលើលោក Daniel Andrews ប្រធានរដ្ឋបាល នៃរដ្ឋវិចតូរៀ ស្ថិតភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីមួយនេះ ជុំវិញការចូលរួមរបស់លោក ក្នុងរឿងអាស្រូវនៃការបោះឆ្នោត។
បញ្ហាធ្ងន់ គឺបានផ្ទុះឡើងនៅអំឡុងពាក់កណ្តាលទី នៃកិច្ចប្រជុំខាងលើនេះ ដោយក្រុមតំណាងរាស្ត្របក្សប្រឆាំង បានខឹងសម្បារ និងចោទលោក ហុង លីម ថាបានលើម្រាមដៃកណ្តាលដាក់ពួកគេ ហើយលោកស្រី Roma Britnell ដែលជាសមាជិកសភាម្នាក់ដែរនោះ គឺជាអ្នកដែលបានមើលឃើញសកម្មភាព ដែលមិនសមគួរបំផុតនេះ។
សមាជិកសភាមួយរូបទៀតនៃបក្សប្រឆាំង គឺលោក Dee Ryall បានលើកឡើងបញ្ហានេះ ជម្រាបទៅកាន់លោក Colin Brooks ដែលជាប្រធានសភា ដោយបានអះអាងថា «ទង្វើលោក ហុង លីម គឺពិតជាមិនសមរម្យ (ឈ្លើយ) និងគួរឲ្យអាម៉ាស់បំផុត»។ បន្ទាប់មកលោក Brooks ក៏បានពិនិត្យមើលវីដេអូឡើងវិញ ហើយក៏បានឃើញថា លោក ហុង លីម ពិតជាបានលើកម្រាមដៃកណ្តាលពិតមែន ប៉ុន្តែដោយសារតែគាត់ងោកក្បាលចុះ ដូច្នេះគេមិនអាចដឹងថា លោកចង្អុលទៅនរណាម្នាក់នោះឡើយ។
គួរបញ្ជាក់ថា ដើម្បីបញ្ចប់បញ្ហានេះ លោក ហុង លីម បានសម្រេចចិត្តធ្វើការសុំទោសយ៉ាងខ្លីទៅអង្គសភា នៅល្ងាចថ្ងៃព្រហស្បតិ៍ដដែល ចំពោះការដែលលោក បានព្រលែងកាយវិការមិនសមគួរនេះចេញមក ប៉ុន្តែរឿងផ្សេងទៀតក៏បានផ្ទុះឡើង នោះគឺការឈ្លោះជាមួយស្ត្រីតំណាងរាស្ត្រ ដោយប្រើសំឡេងគំហកយ៉ាងខ្លាំង ព្រមទាំងចង្អុលមុខគេនៅក្នុងជណ្តើរយន្តថែមទៀត៕