(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឲ្យដំណើរការចលនាប្រឡងប្រណាំងឆ្នេរកម្សាន្តខ្សាច់ស្អាតកាលពី២ថ្ងៃមុននោះ ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រាប់ពីនីតិវិធីនៃការវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត ដល់ឆ្នេរបេក្ខភាពទាំង ៤ខេត្តនៅតំបន់សមុទ្រ។

បើតាមនីតិវិធី ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ឆ្នេរខ្សាច់កម្សាន្តធម្មជាតិ និងឆ្នេរកែច្នៃទាំងអស់ទាំងនៅលើដីគោក និងនៅតាមបណ្តាកោះដែលមានទីតាំងក្នុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ត្រូវមានកាតព្វកិច្ចចូលរួមក្នុងកម្មវិធី «ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត» និងត្រូវរៀបចំដាក់ពាក្យ និងឆ្លងកាត់ការវាយតម្លៃតាមនីតិវិធី ៥ដំណាក់កាលដូចតទៅ៖

ទី១៖ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នេរបេក្ខភាពទាំងអស់ ត្រូវស្នើសុំទម្រង់បែបបទចុះឈ្មោះប្រឡងប្រណាំង។

ទី២៖ ចាប់ពីខែមិថុនា ដល់ខែសីហា ក្រុមការងារនឹងពិនិត្យបែបបទ ហើយចុះពិនិត្យ និងវាយតម្លៃឆ្នេរបេក្ខភាពផ្ទាល់ (វាយតម្លៃលើកទី១)។

ទី៣៖ ចាប់ពីខែសីហា ដល់ខែវិច្ឆិកា ឆ្នេរបេក្ខភាពធ្វើការកែតម្រូវ និងបញ្ជូនឯកសារពាក់ព័ន្ធមកក្រុមការងារទទួលបន្ទុកតាមដាន ហើយក្រុមការងារនឹងវាយតម្លៃលើកទី២ រួចដាក់លទ្ធផលជូនថា្នក់ដឹកនាំពិនិត្យ និងសម្រេច។

ទី៤៖ ខែធ្នូ ក្រុមការងារទទួលបន្ទុកតាមដាន ជូនដំណឹងអំពីជ័យលាភីចំណាត់ថ្នាក់ឆ្នេរកម្សាន្តស្អាតដល់បេក្ខភាពឆ្នេរ។

ទី៥៖ ខែធ្នូ ប្រកាសជ័យលាភី និងរៀបចំប្រគល់រង្វាន់ដល់ជ័យលាភីឆ្នេរកម្សាន្តស្អាតលើកទី១។

សូមជម្រាបជូនថា លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ បានចេញសេចក្តីសម្រេច ប្រកាសឲ្យដាក់ដំណើរការចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាត នៅក្នុងប្រទេសកម្ពុជា៕

សូមអាននីតិវិធី នៃការវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាតខាងក្រោម៖