(ភ្នំពេញ)៖ ក្រុមនេះ គឺជាយុវសិល្បករខ្មែរ ដែលបានរួមគ្នាដំឡើងវណ្ណកម្មសិល្បៈ មានចំណងជើងថា «ជួបគ្នាក្នុងអតីតកាល» ឬជាភាសាអង់គ្លេសថា SEE YOU YESTERDAY ដែលខណៈនេះ កំពុងប្រព្រឹត្តទៅនូវដំណើរសម្តែងចំនួន៣ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ កន្លងមក ស្នាដៃនេះ ត្រូវបានសម្តែងនៅក្នុងខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់សិល្បករ សិល្បការិនីសម្តែងទាំងនេះ។ ចាប់ពីថ្ងៃទី២៩ ដល់៣១ ខែមីនា ឆ្នាំ២០១៨ ស្នាដៃនេះ នឹងត្រូវបានសម្តែងចំនួន៣ដង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ និងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅល្ខោនសៀកកម្ពុជាហ្វារក្នុងខេត្តសៀមរាប ។
ការសម្តែងទាំងអស់នេះ ចាប់ផ្តើមវេលាម៉ោង៥៖០០នាទីរសៀល និងមានរយៈពេលសម្តែងប្រហែល៧០នាទី។ ទស្សនិកជនទាំងឡាយអាច ចូលរួមទស្សនាដោយសេរី។ វណ្ណកម្មនេះ មានទម្រង់ជាល្ខោនសៀក ដែលមានបច្ចេកទេស អត្តពលកម្មដ៏ស្រួចស្រាវ និងមានថាមពល ហើយដែលដំឡើងរួមគ្នាដោយអ្នកសម្តែងខ្លួនឯង។
យុវសិល្បករទាំងនេះ ជាសិស្សសិល្បៈដែលបានទទួលការបណ្តុះបណ្តាល នៅសមាគមហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង។ កិច្ចសហការសិល្បៈនេះ បានកើតឡើងអស់រយៈពេល៥ឆ្នាំនៅពេលលោក ឃួន ដេត សហស្ថាបនិក និងជានាយកសាលាទស្សនីយភាព នៃសមាគមហ្វារពន្លឺ សិល្បៈ បានអញ្ជើញ លោក MICHAEL LESSAC នាយកសិល្បៈ អង្គការ GLOBAL ARTS CORPS មកចូលរួមនិងសាកពិសោធការងារ។
GLOBAL ARTS CORPS ជាអង្គការប្រតិបត្តិសិល្បៈល្ខោន ជាមធ្យោបាយដើម្បីកសាងសន្តិភាព ក្នុងទីកន្លែងដែលបានឆ្លងកាត់សង្គ្រាម។ ក្នុងគម្រោងនេះ លោក LESSAC បានអញ្ជើញសិល្បករអន្តរជាតិ ដែលធ្លាប់មានពិសោធការងារសិល្បៈ ក្នុងប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម ដូចជាកម្ពុជា កូសូវ៉ូ អាព្រិចខាងត្បូង និងសហរដ្ឋអាមេរិច មកចូលរួម។
លោក LESSAC បានថ្លែងថា «សិល្បករខ្មែរវ័យក្មេងមួយក្រុមនេះ មានសេចក្តីក្លាហាននិងទេពកោសល្យ បានវិវត្តខ្លួនក្លាយជាអ្នកដឹកនាំសិល្បៈជំនាន់ថ្មី។ ពួកគេបានក្លាយជាយុវទូតក្តីសង្ឃឹម ប្រើមធ្យោយបាយសិល្បៈ ចូលរួមបន្ធូរបន្ថយភាពតានតឹង ភាពឯកា និងក្តីអាម៉ាស ដែលប្រជាជនកម្ពុជា ក៏ដូចប្រជាជាតិមួយចំនួនទៀត ធ្លាប់បាននិងកំពុងឆ្លងកាត់នូវប្រវត្តិសោកនាដកម្មដែលនៅតែកើតឡើងនេះ» ។
វណ្ណកម្មនេះ បរិយាយអំពីរឿងរ៉ាវកាលពីរបបខ្មែរក្រហម ដែលយុវសិល្បករទាំងនេះ បានទទួលពីឪពុកម្តាយនិងជីដូនជីតារបស់ពួកគេ។ រឿងរ៉ាវក្នុងវណ្ណកម្មនេះ គឺមានមូលដ្ឋានលើរឿងពិតផ្សេងៗ ដំណាលដោយចាស់ទុំ ដែលបានឆ្លងកាត់របបនេះប្រាប់ដល់សិល្បករវ័យក្មេងមិនបានឆ្លងកាត់ ហើយចុងបញ្ចប់ផ្តល់នូវទិដ្ឋភាពមួយដែល យុវសិល្បករទាំងនេះ ទទួលដឹងនិងបង្ហាញនូវរឿងអតីតទាំងនេះ ថាជាផ្នែកមួយនៃជីវិតខ្មែរបច្ចុប្បន្នមិនអាចបំបាត់បាន ខណៈដែលពួកគេបន្តជីវិតឆ្ពោះទៅអនាគតប្រកបដោយក្តីសង្ឃឹម។
ក្រៅពីការសម្តែង សិល្បករសិល្បការិនី នឹងដឹកនាំការសំណេះសំណាលជាមួយសិស្សនិងនិស្សិត ជាពិសេស គរុសិស្សមកពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាពមួយចំនួន ដើម្បីជាការបញ្ជ្រាបអោយបានដឹងពីសិល្បៈអាចជាមធ្យោបាយមួយក្នុងការអប់រំប្រវត្តិសាស្ត្រនិងសង្គម។ វណ្ណកម្មនេះ បង្ហាញថាយុវសិល្បករខ្មែរមួយក្រុមនេះ អាចជាគម្រូដ៏ល្អមួយក្នុងស្វែងយល់ ពីអតីតកាលរបស់ខ្លួន ។
កញ្ញា ផាត់ ស្រីលក្ខ ដែលជាសិល្បការិនីសៀកមួយរូបក្នុងការសម្តែងនេះ បាននិយាយថា «ក្នុងឈុតមួយ ខ្ញុំសម្តែងជាស្រី្តកើតកូន ។ ខ្ញុំមិនដែលដឹងថាពិសោធហ្នឹងលំបាកយ៉ាងម៉េចទេ ហើយការបង្កើតនិងសម្តែងឈុតនេះ បាននាំឲ្យខ្ញុំបានដឹងពីការឈឺចាប់របស់ម៉ែ ដែលខ្ញុំមិនធ្លាប់ដឹងពីមុនមក ។ នេះបានធ្វើឲ្យខ្ញុំជាមនុស្សចេះយល់ជាងមុន»។
យុវសិល្បករទំាងនេះ និងអង្គការ GLOBAL ARTS CORPS ព្រមទាំងអង្គការជាដៃគូដ៏ទៃទៀត មានបំណងបញ្ជ្រាបដល់ទស្សនិកជនឲ្យបានដឹងថា សិល្បៈមានតួនាទីលើស ពីការកែកំសាន្តទៅទៀត ។ សិល្បៈ មានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះពុទ្ធិ អប់រំដល់ស្រទាប់យុវជន ឲ្យពួកគេអាចគិតគូរស៊ីជម្រៅដល់ប្រវត្តិសាស្ត្ររបស់ខ្លួន ដែលជាកត្តាពាក់ព័ន្ធដ៏ធំសម្រាប់អនាគតរបស់ពួកគេ។ គ្មានជាតិសាសន៍ណា អាចឈានឆ្ពោះទៅមុខដោយមិនមានការចងចាំ ពីអតីតកាលរបស់ខ្លួននោះទេ។
ការចងចាំពីអតីតកាលរបស់ប្រទេសជាតិមួយ ជាមេរៀនដែលមិនអាចខ្វះបាន សម្រាប់អ្នកជំនាន់ក្រោយនៃប្រទេសជាតិនោះ ក៏ដូចជាប្រទេសជាតិដ៏ទៃ ក្នុងការកំណត់វាសនាអនាគត។ ទន្ទឹមនឹងនេះ ស្នាដៃសិល្បៈនេះ ក៏បង្កើននូវការយោគយល់ និងក្តីសង្ឃឹមចំពោះគ្នាទៅវិញទៅមក រវាងជំនាន់ចាស់ក្មេង និងរវាងសហគមន៍រស់នៅផ្សេងៗគ្នា។
«ជួបគ្នាក្នុងអតីតកាល» គឺវណ្ណកម្មមួយរបស់ GLOBAL ARTS CORPS ដែលសហការផលិតដោយ សហគ្រាសសង្គមហ្វារ (ខេត្តសៀមរាប) សមាគមហ្វារពន្លឺសិល្បៈ (ខេត្តបាត់ដំបង) និងអម្រឹតាសិល្បៈ (រាជធានី ភ្នំពេញ)។ ដំណើរសម្តែងក្នុងខេត្តក្រុងទាំង៣នេះ អាចប្រព្រឹត្តទៅបានដោយថវិកាគាំទ្រពីមូលនិធិ ROBERT BOSCH STIFUNG ។ គម្រោងនេះ ក៏មិនអាចដំណើរទៅបានទេ បើមិនមានការជួយគាំទ្របន្ថែមអំពីអង្គការសិល្បៈខ្មែរអមតៈ មជ្ឈមណ្ឌលឯកសារកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រសួងអប់រំយុវជននិងកីឡា៕