(កំពង់ចាម)៖ ថ្លែងចេញពីខេត្តកំពង់ចាម ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា កុដិ ខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តពោធិមង្គល ស្ថិតក្នុងភូមិវត្ត ឃុំព្រះឃ្លាំង ស្រុកស្ទឹកត្រង់ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋថា កុំខ្វល់អ្នកនិយាយ អ្នករិះគន់ថា រដ្ឋាភិបាលអាក្រក់ គឺរដ្ឋាភិបាលគិតតែរឿងរកជំនួយ និងអ្នកវិនិយោគមកជួយប្រជាជនកសាង និងអភិវឌ្ឍន៍ប្រទេស។
ក្នុងពិធីនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងមកមានអតីតគណបក្សប្រឆាំង បានលើកឡើងថា រដ្ឋាភិបាលបានតែកៀបសង្កត់ប្រជាជន ក្នុងប្រទេសឲ្យគាំទ្រ ហើយប្រជាពលរដ្ឋនៅក្រៅប្រទេសស្អប់សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែនាពេលថ្មីៗនេះ សម្ដេចបានអញ្ជើញទៅកាន់ប្រទេសអូស្រ្តាលី ដែលមានអ្នកគាំទ្រ និងទទួលស្វាគមន៍សម្ដេចយ៉ាងច្រើនកុះករពោពេញទៅដោយភាពស្និតស្នាលបំផុត។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺព្យាយាមស្វែងរកអ្នកវិនិយោគ មកជួយក្នុងការអភិវឌ្ឍប្រជាជាតិរបស់យើង ឲ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស ដែលផ្ទុយពីអ្នកនយោបាយប្រឆាំងមួយចំនួន ដែលតែងតែរត់ទៅក្រៅប្រទេសដើម្បីពឹងបរទេសឲ្យផ្ដាច់ជំនួយ និងដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាវិញ។ ទាំងនេះមានតែធ្វើឲ្យប្រជាពលរដ្ឋកាន់ឈឺចាប់ ដោយសារតែអ្នកនយោបាយទាំងនោះ ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន គិតតែស្រលាញ់អំណាចជាងស្រលាញ់ប្រជាជនរបស់ខ្លួន។
តំណាងសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សូមកុំយកផលប្រយោជន៍របស់ជាតិទាំងមូល ទៅភ្ជាប់ជាមួយអ្នកនយោបាយតែប៉ុន្មានរយនាក់ អ្នកនយោបាយដែលប្រព្រឹត្តខុសត្រូវតែអនុវត្តន៍តាមច្បាប់ ដោយមានមនុស្សមួយចំនួនខិតខំបំប៉ោងព័ត៌មានថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងចលាចល ប៉ុន្ដែប្រជាពលរដ្ឋ គឺកំពុងរស់នៅយ៉ាងសុខសប្បាយ ប្រជាពលរដ្ឋកំពុងរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលបងប្អូនភាពច្រើន និងឈប់សម្រាក ហើយទៅដើរលេងតាមរមណីដ្ឋាននានា ជាពិសេសនៅតំបន់ក្នុងខេត្តសៀមរាប។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសគឺបងប្អូន អុំ ពូ មីង លោកតា លោកយាយ នៅក្នុងស្រុកស្ទឹងត្រង់នេះតែម្ដង ដែលបានជឿទុកចិត្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បន្តការដឹកនាំប្រទេស ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ និងសន្ដិភាពឥតឈប់ឈរ៕