(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកបច្ច័យចូល បុណ្យសព លោក ម៉ៅ សាមឿន (ហៅនាយវីតាមីនសេ) តារាកំប្លែងជើងចាស់ ដែលបានទទួលមរណភាព នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៣០ ខែមីនា នេះ។
ស្ថិតក្នុងសមានទុក្ខនេះ លោកស្រី អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវក្តីរំលែកទុក្ខដ៏ក្រៀមក្រំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសព នាយវីតាមីនសេ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះ អ្នកនាង ប៉េង ប៉ោង និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរចំពោះក្រុមគ្រួសារអ្នកនាងជាបន្តបន្ទាប់ចាប់តាំងពីឪពុកនាងធ្លាក់ខួនឈឺថ្ងៃដំបូង៕