(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំលើកទី២ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរ ខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំទិវាពិភពលោក កាកបាទក្រហម/អឌ្ឍចន្ទក្រហម។
កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅ នាទីស្នាក់កណ្ដាល កាកបាទក្រហមកម្ពុជា ដែលមានការចូលរួម ពីសមាជិក សមាជិកា លេខាធិការនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
ការបើកកិច្ចប្រជុំលើកទី២នេះ គឺដើម្បីពិនិត្យមើលការងារមួយចំនួនទៀត ដើម្បីពិភាក្សាការងារ ណែនាំពីតួនាទី និងភារកិច្ច របស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ សម្រាប់អនុវត្តការងារឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់៕