(បន្ទាយមានជ័យ)៖ យោយតាមរបាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សថ្នាក់ខេត្ត (គ-ខ-ប-ជ) បានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០១៨នេះ មានពលករខ្មែរចំណាកស្រុក ខុសច្បាប់ចំនួន៩៩៣៥នាក់ ត្រូវបានភាគីថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៧កន្លងទៅ មានចំនួន១៥៦៤៥នាក់ មានការថយចុះចំនួន៥៧១០នាក់។
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត បានថ្លែងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្ត បានសម្រេចនូវលទ្ធផលលើការធ្វើសមាហរណកម្ម និងតាមដានបានទទួល សាវតាជនរងគ្រោះដោយអំពើជួញដូរមនុស្សមុនពេលធ្វើមាតុភូមិនិវត្តន៍ ចំនួន៨មាក់ (ស្រីម្នាក់, កុមារី ២នាក់, កុមារា៥នាក់) ពីនាយដ្ឋានប្រឆាំងការជួញដូរមនុស្ស នៃប្រទេសថៃ ដើម្បីឲ្យមជ្ឈមមណ្ឌលសំចតប៉ោយប៉ែត ធ្វើការស្វែងរកគ្រួសាររបស់ពួក មុនពេលធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសកំណើតវិញ។ ក្នុងនោះក្រុមការងារ បានសម្ភាសន៍ជនទេសន្តោប្រវេសន៍ (ពលករខ្មែរ) ដែលអាជ្ញាធរថៃ បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ មានពលករសរុបចំនួន៩៩៣៥នាក់ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៧ ចំនួន១៥៦៤៥នាក់ គឺមានការថយចុះចំនួន ៥៧១០នាក់។
ទន្ទឹមនឹងនេះលោកស្រី ប៉ុក ណាឌី បានបន្តថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទពិសេសទៅលើស្រ្តី និងកុមារ គឺជាប្រធានបទដ៏សំខាន់ដែលត្រូវបាន បណ្តាប្រទេសក្នុងតំបន់ និងនៅលើពិភពលោក មានការចាប់អារម្មណ៍ជាទីបំផុត ព្រមទាំងបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងព្រោះវានាំមកនូវផលប៉ះពាល់ និងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់មនុស្សជាតិ និងធ្វើឲ្យប្រែប្រួលយ៉ាងធំផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។
លោកស្រីអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់លើបញ្ហាទាំងអស់នេះ ក្នុងនោះអាជ្ញាធរពាក់ព័ន្ធ ជាពិសេសកម្លាំងសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែន ត្រូវតែពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀតឲ្យបានម៉ឹងម៉ាត់ក្នុងការទប់ស្កាត់រាល់សកម្មភាពការ ជួញដូរមនុស្ស តាមរយះមេខ្យល់ដែលបានដឹកនាំពលករកម្ពុជា ទៅធ្វើការដោយខុសច្បាប់ដែលជាកត្តាប្រឈមទៅអំពើជួញដូរមនុស្ស ពិសេសលើស្រ្តី និងកុមារផងដែរ៕