(ភ្នំពេញ)៖ ក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៤កន្លែងនៅក្នុងខណ្ឌទួលគោក បន្ទាប់ពីពិនិត្យបានរកឃើញថា ស្ថានីយ និងដេប៉ូចំនួន៣ទៅហើយលក់ប្រេងគ្រប់ខ្នាតរង្វាស់រង្វាល់ ពោលចំណុះប្រេងមិនគ្រប់តាមលេខកុងទ័រដែលបានបង្ហាញនោះឡើយ។
ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយ លោក គួច វណ្ណា ជាប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ សហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ នៅថៃ្ងទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលមានទីតាំងនៅខណ្ឌទួលគោក ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។
លោក គួច វណ្ណា បានអះអាងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ។
ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូទាំង ០៤កន្លែងនៅទីតាំងខាងលើនេះ គឺមានដេប៉ូ ០១កន្លែង ដែលមានអនុលោមភាពលើផ្នែកគុណភាព និងរង្វាស់រង្វាល់ ចំណែកស្ថានីយ និងដេប៉ូ ០៣កន្លែងមានកង្វះបរិមាណប្រេងមិនត្រឹមត្រូវតាមបទដ្ឋានរង្វាស់រង្វាល់។
បើតាមលោក វណ្ណា បន្ទាប់ពីពិនិត្យឃើញបែបនេះ ក្រុមមន្ត្រីត្រួតពិនិត្យបានណែនាំឲ្យម្ចាស់ស្ថានីយ និងដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញតាមរយៈស្ថាប័នមានសមត្ថកិច្ចជំនាញ និងបានណែនាំឲ្យម្ចាស់ស្ថានីយលក់សាំងស៊ុបពែរដែលមានសន្ទស្សន៍អុកតានពិតបា្រកដ។
សូមបញ្ជាក់ថា មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាច្រើននៅក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញជាបន្តបន្ទាប់ថា លក់ប្រេងមិនត្រឹមត្រូវតាមខ្នាតរង្វាស់រង្វាល់ ហើយស្ថានីយ និងដេប៉ូខ្លះទៀតបន្លំគុណភាពប្រេងដោយយកប្រេងធម្មតា ធ្វើជាប្រេងស៊ុបពែរថែមទៀតផង។
លោក វណ្ណា បានអះអាងថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់។
លោក ក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ ជាធរមាន។
លោក គួច វណ្ណា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដោយត្រូវជ្រើសយកក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬ ស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ។ ជាពិសេសរាល់ពេលចាក់ប្រេង ត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្នសុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕