(ប៉ៃលិន)៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលឲ្យកម្មករបេះផ្លែមៀនជាង៤០នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ បន្ទាប់ពីរថយន្តដាច់ចង្កូតក្រឡាប់ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្បែរព្រំប្រទល់ប៉ៃលិន-បាត់ដំបង ក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ទល ខេត្តបាត់ដំបង។
នៅរសៀលនេះ ជនរងគ្រោះមួយចំនួន ត្រូវបានបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីពេទ្យខេត្តបាត់ដំបង ដោយសារមានអាការៈធ្ងន់ធ្ងរពេក។
មុនពេលកើតហេតុ កម្មករជាង៤០នាក់ បានជិះនៅលើរថយន្ត ចេញពីច្រកឡែម ស្រុកកំរៀង ខេត្តបាត់ដំបង ដោយធ្វើដំណើរឆ្លងកាត់ខេត្តប៉ៃលិន ដើម្បីទៅបេះផ្លែមៀនឲ្យគេនៅភូមិភ្ញាវ ឃុំត្រែង។
ពួកគាត់មិនទាន់ដល់ទីកន្លែងបេះផ្លែមៀនផង ស្រាប់តែរថយន្តដែលពួកគាត់ជិះ បានរេចង្កុតធ្លាក់ផ្លូវបានបណ្តាល ឲ្យក្រឡាប់នៅចំណុចកើតហេតុខាងលើ រងរបួសធ្ងន់ស្រាលតែម្តង។
ជនរងគ្រោះជាអ្នកចំណាកស្រុក មកពីខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ ជាដើម។ ក្រោយពេលកើតហេតុការណ៍ ពួកគាត់ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ផងដែរ។
បើតាមបញ្ជាក់ពីលោក តែម សារដ្ឋ ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានថ្លែងថា មកទល់ម៉ោង១២ថ្ងៃត្រង់នេះ នៅមិនទាន់កំណត់ចំនួន អ្នករងរបួសក្នុងហេតុការណ៍នេះបាននៅឡើយទេ ដោយក្រុមគ្រូពេទ្យកំពុងមមាញឹក ក្នុងការជួយសង្រ្គោះក្រុមអ្នករងគ្រោះ។
លោក តែម សារដ្ឋ បានបន្តថា អ្នកខ្លះកំពុងតែដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារតែស្ថានភាពជំងឺរបស់ពួកគាត់ ធ្ងន់ធ្ងរពេក។ សូមបញ្ជាក់ថា មកដល់ពេលនេះ គេមិនទាន់ឃើញមានអាជ្ញាធរ ស្រុក/ក្រុង ខេត្ត ចុះសួរសុខទុក្ខអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដែលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នៅឡើយទេ៕