(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេរភូមិន្ទ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់នាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ នៃកងទ័ពជើងទឹក នៅមូលដ្ឋានសមុទ្ររាម នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បាននាំមកនូវការសាកសួរសុខទុក្ខនឹករឮក និងការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុនៃកិច្ចការពារជាតិ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញបរិបូណ៍ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាសន្តិភាព បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់រូប ប្រារព្ធពិធីបុណ្យតាមប្រពៃណីជាតិ ដែលបានបង្ហាញឲ្យឃើញពីសង្គមជាតិមួយ ដែលមានវប្បធម៌ ប្រពៃណី អរិយធម៌ សីលធម៌ និងចរិយាធម៌ដ៏ល្អផូរផង់។
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជការបានឲ្យកងទ័ពត្រូវតែបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងកិច្ចការពារជាតិ និងសហការការពារសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានកាន់តែល្អប្រសើរ ស័ក្តិសមជាកងទ័ពដែលប្រសូត្រចេញពីប្រជាពលរដ្ឋ គឺធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ។
អគ្គមេបញ្ជាការ បាននាំនូអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ជូនតាមបណ្តាកងឯកភាពនៃកងទ័ពជើងទឹក មានថវិកាចំនួន ២០លានរៀល មីចំនួន១០៨កេស ស្រាបៀរចំនួន១០៦កេស ទឹក្រូចចំនួន១០៩កេស អង្ករចំនួន៥តោន៕