(ព្រះសីហនុ)៖ តំណាងម្ចាស់ដីឡូតិ៍មួយកន្លែង ស្ថិតនៅចំណុចក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានបណ្ណកម្មសិទ្ធិស្របច្បាប់ចេញដោយមន្ត្រីជំនាញ ត្រឹមត្រូវបានស្នើសុំអោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជួយមានវិធានការតាមច្បាប់ចំពោះជនខិលខូចដែលតែងតែឆ្លៀតឱកាសឃើញដីទំនេរៗ នាំគ្នាចូលទៅរំលោភបំពាន សង់ខ្ទមព័ទ្ធរបងរំលោភយកស្រេចតែចិត្ត ធ្វើមើលតែពួកឧទ្ទាមរស់នៅក្នុងប្រទេសគ្មានច្បាប់ ទម្លាប់ត្រឹមត្រូវដោយប្រើរូបភាពពេលម្ចាស់ ទៅសួរនាំតាំងបង្កើតជម្លោះប្ដឹងផ្ដល់ ដើម្បីទាមទារប្រាក់គោលនយោបាយ ជាថ្នូរការចាកចេញជាដើម។ តំណាងម្ចាស់ដីដែលមាន ប័ណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុស្របច្បាប់ លេខព.ន ០០៥៥០៧ ចេញតាំងពីឆ្នាំ១៩៩៩ មានចុះហត្ថលេខា ដោយប្រធានការិយាយល័យ ភូមិបាល លោក ជិន សុឃិន និងប្រធាននាយកដ្ឋានសុរិយោដី លោក លឹម វ៉ាន់ ត្រឹមត្រូវនោះ បានអះអាងថា បច្ចុប្បន្ន មានមេក្លោងមួយចំនួនបានញុះញង់ឲ្យប្រជាជនចូលចាប់ដីនិងតាំងលំនៅឋានលើដីកម្មសិទ្ធស្របច្បាប់នេះហាក់ដូចជាតំបន់អប្បគមន៍គ្មានមន្ត្រីអាជ្ញាធរមូលដ្ឋានណាហ៊ានទៅក្បែរឡើយ។
តាមរយះការញុះញុងពីពួកមេក្លោង មួយក្រុមនេះ គឺគេសង្កេតឃើញមានប្រជាជននាំគ្នាលួចបោះទីតាំងធ្វើខ្ទម សង់ផ្ទះឈើ ផ្ទះថ្ម ធ្វើរបង និងឈានដល់មានសំណង់រឹងមាំក្នុងចេតនាទុច្ចរិតនៃបទប្រើអំពើហឹង្សា លើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងលួចលក់អចលនវត្ថុអ្នកដ៏ទៃដោយខុសច្បាប់។ ក្នុងនោះយ៉ាងតិច មានសំណង់ប្រមាណជិត៦០ខ្នង បានលួចសង់រួច និងមានលួច សង់ លួចលក់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ខណៈមន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់អះអាងថា ពួកគេមកបោះទីតាំងដោយអំពើល្មើសច្បាប់ និងហ៊ានទាំងលួចលក់បន្តទៅពីមនុស្ស ម្នាក់ទៅមនុស្សផ្សេងៗទៀត មិនដឹងជាពួកគេធ្វើឯកសារលក់ដូរ ដោយរបៀបណានោះទេ ។
ដោយឡែកករណីនេះ អាជ្ញាធរអះអាងថា ពួកគាត់អត់ពាក់ព័ន្ធជាមួយនិងអំពើ ល្មើសច្បាប់នេះជាដាច់ខាត។ ប្រជាជនទាំងនោះមកលួចដីប្រៀបបាន ដូចបង្កើតជាតំបន់អប្បគមន៍ ខណៈបង្កើតឲ្យមានមេក្លោង មេកន្ទ្រាញ ជាអ្នកគ្រប់គ្រងក្នុងដីនោះ ដោយបំពាននិងរដ្ឋអំណាចមូលដ្ឋាន។ លោក ឈុន ចាន់ថុង មេក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានថ្លែងបែបនេះកាល ពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ប្រាប់អ្នកសារព័ត៍មាននៅកន្លែង ទីតាំងដីនោះតែម្តង។លោក ឈុន ចាន់ថុង បន្តថា ប្រជាជនមកបោះទីតាំង លួចលក់ លួចសង់ ត្រូវឆ្លងកាត់ក្រុមមេក្លោង មេកន្ទ្រាញ គ្រប់គ្រង នៅទីនោះ គឺឲ្យលុយទើបធ្វើអ្វីបានក្នុងដីឡូតិ៍ខាងលើនោះបាន ដោយអត់ខ្លាចញញើតច្បាប់ ឬអាជ្ញាធរមូលដ្ឋានឡើយ។
ក្នុងចំណោមប្រជាជនជិត៦០គ្រួសារមកបោះទីតាំង លួចសង់ខ្ទម ធ្វើរបងហ៊ុព័ទ្ធដីជាឡូតិ៍ៗ សង់ផ្ទះឈើ ផ្ទះស័ង្កសី ផ្ទះថ្មសំណង់រឹងមាំ គឺមានមន្ត្រីអនុរក្សពន្ធនាគារចំនួន៥នាក់ក៏ទៅលួច និងទិញបន្តពីគេដោយគ្មានលិខិតស្នាម ទាំងបំពានផងដែរ។ លោកបន្តថាសូម្បីតែអនុប្រធានមណ្ឌល កែប្រែខេត្តព្រះសីហនុម្នាក់ ក៏ទៅសង់សំណង់រឹងមាំនៅលើដីស្របច្បាប់ អ្នកដទៃនេះទោះជាគាត់ទទួលស្គាល់ថាដី នេះមានប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុស្របច្បាប់លេខព.ន០០៥៥០៧ តាំងពីឆ្នាំ១៩៩៩ នោះយ៉ាងច្បាស់ក៏ដោយ។
លោក ឈិត សូផា ចៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានប្រាប់អ្នកកាសែតថា លោកទទួលស្គាល់ពិត ប្រាកដណាស់ថាពួកគាត់ មកលួចសង់ផ្ទះនៅលើដីនោះ ជា សំណង់អនាធិបតេយ្យ ព្រោះដីនោះជាដីមានប័ណ្ណ សំគាល់សិទ្ធកាន់កាប់អចលនវត្ថុ ស្របច្បាប់តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ លោកចៅសង្កាត់បន្តថា ខ្ញុំស្គាល់ប្រវត្តិដីនេះច្បាស់ ណាស់ ដីនេះមានប័ណ្ណកម្មសិទ្ធស្របច្បាប់ ខ្ញុំក៏មានវត្តមានចុះទៅវាស់វែងដីនោះ ជាមួយខាងជំនាញភូមិបាលដើម្បីធ្វើប្លង់ បន្ទាប់ពីរដ្ឋាភិបាលចេញអនុក្រឹត្យប្រគល់ឲ្យ យាយ សម រ៉ាវី មានសិទ្ធិធ្វើប័ណ្ណកម្មសិទ្ធិលើដីនេះ ហើយបើខ្ញុំមិនច្រឡំទេដីនេះមានក្បាលប្រវែង ៤៥ម៉ែត្រ បណ្តោយជាង ២០០ម៉ែត្រ កន្ទុយដីទៅទល់និងរបងដីស្តាតឯណោះ។
លោក ឈិត សូផា ចៅសង្កាត់លេខ១ និងមន្ត្រីរបស់គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ដើមហេតុដំបូងឡើយមានតែប្រជាជន ១៣គ្រួសារប៉ុណ្ណោះ មកបោះតាំងលំនៅឋានដោយ ខុសច្បាប់ តែម្ចាស់កម្មសិទ្ធិគាត់ចិត្តអ្នកធម៌ អ្នកបុណ្យក៏ឲ្យខាងសង្កាត់ យកលុយទៅដោះស្រាយប្រគល់ឲ្យ ១គ្រួសារ ២០០ដុល្លារ ទៅ៣០០ដុល្លារក៏ចេញអស់ទៅ។
សព្វថ្ងៃនេះ ឃើញនៅមានឈ្មោះ សេង ចាន់ធូ អតីតអ្នកយាមដីឲ្យម្ចាស់ដីមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្របច្បាប់ ចេះតែបន្តនៅលើដីនេះ និងជាមេក្លោងរឿងប្រមូលប្រជាជន មកលួចបោះទីតាំង និងឈានដល់លួចលក់បន្តៗគ្នា ដោយគ្មានអាជ្ញាធរណាដឹងឮ ឬមានលិខិតស្នាមអ្វីទេ។ ចៅសង្កាត់លេខ១បន្តថា រឿងនេះខ្ញុំទទួលស្គាល់ពួកគាត់ល្មើសច្បាប់ និងធ្លាប់ហាមឃាត់ តែនៅមានលួចមកសាងសង់ ឬលក់តៗគ្នា ដូច្នេះមានតែថ្នាក់លើ និង តុលាការទេទើបធ្វើកិច្ចការនេះបាន។ ដោយឡែក លោក សេង ចាន់ធូ និងភរិយាបាន ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ពិតជាអ្នកចាំដីមែនកាលពីអតីតកាល ហើយការមករស់នៅទីនេះក៏គ្មានលិខិតកាន់កាប់អីទេ គឺមានតែអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប៉ុណ្ណោះ។
ចំពោះគេថាគាត់ជាមេក្លោងនាំមនុស្សមកលួចបោះទីតាំងសង់នៅលើដីកម្មសិទ្ធរបស់អ្នកដទៃ គាត់មិនពាក់ព័ន្ធទេ គឺមានប្រជាជនមករស់នៅដោយខ្លួនឯងរៀងៗខ្លួន មិនដឹងថាគាត់ទិញឬយ៉ាងមេចនោះទេ។
លោក ម៉ម វណ្ណ អតីតះអ្នកយាមដីឲ្យម្ចាស់ដីស្របច្បាប់ខាងលើដែរ ហើយបច្ចុប្បន្នជាប្រជាការពារភូមិ១ ព្រះនាម B៣០ គឺបានឲ្យដឹងថា អ្នកមករស់នៅលើដីនេះទាំងអស់សុទ្ធ តែខុសច្បាប់ គាត់ទទួលស្គាល់ថាម្ចាស់ដីស្របច្បាប់នៅទីនេះ គឺគាត់ស្គាល់ទាំងកូន ទាំងចៅទាំងអស់ តែមិនដឹងយ៉ាងមេចចេះតែមានអ្នកមកលួចសង់រស់នៅ..? អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ពួកទាំងនេះកំពុងប្រព្រឹត្តបំពានច្បាប់ ដោយយកទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ប៉ុន្តែពួកគាត់មិនបានគិតដល់ទិដ្ឋភាពច្បាប់ ខណៈគាត់កំពុងប្រព្រឹត្តនូវបទល្មើស ប្រព្រឹត្តដោយជាក់ស្តែងរារាំង ហើយរំលោភកាន់កាប់ដីលើ អ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងលួចលក់អចលនវត្ថុអ្នកដទៃ ដែលជាដីកម្មសិទ្ធិឯកជន។ពួកគាត់សំដៅថាកន្លងទៅមានអ្នក ចាប់ដីនិងទៅបោះទីតាំង លើដីរដ្ឋដីមប្រុងទុករបស់រដ្ឋរាល់ការ ឲ្យរុះរើឬបណ្តេញចេញករណីខ្លះរដ្ឋដោះស្រាយ គោលនយោបាយទើបពួកគេនាំគ្នាប្រើវប្បធម៍នេះ ដោយមិនគិតដល់ទោសទណ្ឌខ្លួន ប្រព្រឹត្តដោយជាក់ស្តែងរារាំង ហើយរំលោភកាន់លើអ្នកកាន់កាប់ អចលនវត្ថុដោយសុច្ចរិត និងលួចលក់អចលនវត្ថុអ្នកដទៃ ដែលមានប័ណ្ណកម្មសិទ្ធិ នោះឡើយ។
មានមតិខ្លះលើកឡើងថា បើប្រជាជនមួយចំនួនគិតថាពួកគាត់យល់ពីទិដ្ឋភាពដោយកម្រិត អត់ដឹងពីការប្រព្រឹត្តនេះ មានទោសព្រហ្មទណ្ឌទេ តែហេតុអីមន្ត្រីពន្ធនាគារ៥នាក់ ក្នុងនោះ មានឋានៈដល់ថ្នាក់អនុប្រធានមណ្ឌលកែប្រែខេត្តព្រះសីហនុទៅហើយ សុទ្ធតែយល់ពីច្បាប់ បែរជាមកសង់សំណង់រឹងមាំលើដីកម្មសិទ្ធិអ្នកដទៃ ឬមួយគិតតាមទ្រឹស្តី «ឈ្នះបានដី ចាញ់ បានលុយ» ដែរ..? បើតាមការឲ្យដឹងពីភាគីម្ចាស់ដីមានប័ណ្ណសំគាល់ សិទ្ធិកាន់កាប់អចលនវត្ថុ ស្របច្បាប់លេខ ព.ន០០៥៥០៧ តាំងពីឆ្នាំ១៩៩៩ មកនោះ កំពុងធ្វើតាមវិធានការច្បាប់ ក្នុងបទល្មើសព្រហ្មទណ្ឌ ខណៈកន្លងទៅមានជនជាប់ចោទជាច្រើននាក់ ត្រូវតុលាការធ្លាប់ផ្តន្ទាទោសក្នុងបទប្រើអំពើហឹង្សាលើអ្នក កាន់កាប់អចលនវត្ថុដោយសុច្ចរិត និងលួចលក់អចល នវត្ថុអ្នកដ៏ទៃដោយខុសច្បាប់នោះម្តងរួចទៅហើយក្តី។
អ្នកខ្លះទៀតចេះតែមកទិញតៗគ្នាតំលៃមួយកន្លែង២០០០ដុល្លារ ខ្លះមកជួលស្នាក់នៅ និងមួយចំនួនទៀតដឹងហើយ ឮហើយថា ជាដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ តែចេះតែមានចេតនាបំពានច្បាប់ និងប្រមូលគ្នាមកឲ្យបានច្រើនដើម្បីបានជាចំនួនមនុស្សរស់នៅដូចជាភូមិស្របច្បាប់តែប៉ុណ្ណោះ។
ករណីនេះប្រសិនបើអាជ្ញាធរមិនមានវិធានទាន់ពេលនោះទេ ពួកក្រុមខិលខូចដែលកំពុងញុះញង់ឲ្យប្រជាជនចូលចាប់ដី និងតាំងលំនៅឋានបែបអនាធិបតេយ្យ នឹងក្លាយទៅជាតំបន់ អប្បគមន៍ ខណៈម្ចាស់កម្មសិទ្ធិដីមិនអាចចូលទៅកាន់ដីរបស់ខ្លួនបាន ហើយអាជ្ញាធរមិនអាចចុះធ្វើស្ថិតិបាននោះ៕