(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ បានជម្រុញឲ្យនគរបាលការពារព្រំដែន បង្កើននូវកិច្ចការពារតាមខ្សែបន្ទាន់ព្រំដែន ជាមួយប្រទេសជិតខាងរបស់កម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងមានការទទួលខុសខ្ពស់ ដើម្បីរក្សាបាននូវបូរណភាពទឹកដី របស់កម្ពុជាបានគង់វង្ស។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែនប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានលើកឡើងថា បញ្ហាការគ្រប់គ្រងកម្លាំង គឺជារឿងសំខាន់ក្នុងកិច្ចការពារព្រំដែនឲ្យបានរឹងមាំ ហើយត្រូវធានាថាកម្លាំងត្រូវតែមានវត្តមាន នៅដែលមានភារកិច្ចដែលត្រូវអនុវត្តន៍។
នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានគូសបញ្ជាក់ថា កម្លាំងនគរបាលការពារព្រំដែនក៏ត្រូវមានរចនា សម្ព័ន្ធនៃការដឹកនាំបញ្ជាឲ្យបានច្បាស់លាស់ ជាមួយការបង្កើន នូវសមត្ថភាពឲ្យបានកាន់តែខ្លាំងបន្ថែមទៀតផងដែរ។
បន្ថែមជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានឲ្យកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវការពារដាច់ខាត និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ក្នុងការរក្សាការពារបូរ ណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងកម្ទេចរាល់ចលនាប៉ុនប៉ងទាំងឡាយណា ដែលចង់ផ្គួលរំលំរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែន បានលើកឡើងដែរថា ក្នុងការអនុវត្តភារកិច្ចកន្លងមកនេះ កម្លាំងនគរបាលការពារព្រំដែនបានរក្សាបាននូវបូរណភាពទឹកដីកម្ពុជា ជាមួយប្រទេសជិតខាង ដោយប្រែក្លាយតំបន់ព្រំដែន ក្លាយជាតំបន់មានសុខសន្តិភាព ស្ថេរភាព និងមានកិច្ចសហប្រតិបត្តិការល្អជាមួយ ប្រទេសជាប់ព្រំដែនកម្ពុជា។
នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេស ជាប់ព្រំដែនកម្ពុជានេះ បានធ្វើឲ្យការធ្វើអាជីវកម្ម និងការឆ្លងដែនរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន មានដំណើរការបានយ៉ាងល្អ ដោយគ្មានបញ្ហាអ្វីកើតឡើងនោះទេ៕