(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដបញ្ជូនកងវិស្វកម្មលេខ១៩៨ ដែលជាកម្លាំងនាំមុខចំនួន៨០នាក់ ក្នុងនោះស្ដ្រី៤នាក់ នៅកាន់ប្រទេសម៉ាលី រយៈពេល១ឆ្នាំ ដើម្បីបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានដឹកនាំគណៈប្រតិភូ ជូនដំណើរកងទ័ពមួកខៀវ បានថ្លែងឲ្យដឹងថា ការបញ្ជូនកងកម្លាំងរក្សាសន្ដិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅកាន់ប្រទេសម៉ាលីនេះ ជាលើកទី៥ហើយ។
បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណី កងទ័ពមួកខៀវកម្ពុជា ដែលបាននិងកំពុងបំពេញបេសកកម្ម នៅប្រទេសម៉ាលី មានចំនួន៣០៩នាក់ ដែលចែកចេញជា២ជំនាញ ដោយមួយជំនាញខាងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងជំនាញខាងវិស្វកម្ម (ថែមទាំព្រលានយន្ដហោះ) ហើយកម្លាំងដែលបញ្ជូនទៅ ចំនួន៨០នាក់នៅថ្ងៃនេះ គឺជំនាញខាងថែទាំព្រលានយន្ដហោះ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់ថា ពាក់ព័ន្ធករណីជំរុំទ័ពកម្ពុជា ដែលត្រូវបានក្រុមឧទ្ទាមវាយប្រហារនៅប៉ុន្មានថ្ងៃមុន ពេលនេះបានវិលត្រឡប់មកសភាពដើមវិញហើយ។ ក្រោយមានហេតុការណ៍នេះកើតភ្លាម កងទ័ពបារាំងដែលមានជំរុំនៅក្បែរនោះ បានចេញមកជួយអន្ដរាគមន៍ភ្លាមៗផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណី បានបន្ថែមថា ពេលនេះដែរទ័ពមួកខៀវកម្ពុជានៅប្រទេសម៉ាលី កំពុងតែបង្កើនការយាមកាមយ៉ាងតឹងរឹងផងដែរ ដោយឡែកការកសាងជំរុំឡើងវិញនោះ គឺជាការចំណាយរបស់អង្គការសហប្រជាជាតិ ហើយពេលនេះបន្ទាយក៏កំពុងកសាងឡើងវិញផងដែរ។
យ៉ាងណាក៏ដោយ សម្រាប់ការបញ្ជូនកម្លាំងទាំង៨០នាក់នៅថ្ងៃនេះ ដោយបូករួមទាំងកម្លាំងនៅទីនោះស្រាប់ នាយឧត្តមសេនីយ៍ សែម សុវណ្ណី បានផ្ដាំផ្ញើក្រុមគ្រួសារ អាណាព្យាបាល កងទ័ពមួកខៀវកម្ពុជាដ៏អង់អាចក្លាហាន សូមកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពអី ដោយសារតែកម្លាំងទ័ពកម្ពុជា ដែលបញ្ជូនទៅនោះបានហ្វឹកហាត់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួន។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្ម របស់អង្គការសហប្រជាជាតិ ហើយបច្ចុប្បន្នកម្ពុជា មានកម្លាំងប្រមាណជាង៨០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេ លំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕