(ស្ទឹងត្រែង)៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានី បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូននាយ និងពលទាហានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបាននិងកំពុងឈរជើងនៅតំបន់អូអាឡៃ ឃុំថ្មដា ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ព្រំប្រទល់ជាមួយប្រទេសឡាវ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
លោកឧត្តមសេនីយ៍ មៀច សាមុត មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១២៨ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានលើកឡើងថា ដោយមានការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ ពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កងពលតូចអន្ដរាគមន៍លេខ១២៨ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បាននិងកំពុងកសាងអគារព្យាបាលជម្ងឺ អគារសម្រាប់បំពេញការងារ រួមទាំងរបងនិងក្លោងទ្វាផងដែរ។
ក្នុងនាមលោកជាមេបញ្ជាការ ព្រំប្រទល់ជាមួយប្រទេសឡាវ ប្តេជ្ញាចិត្តការពារឲ្យបានដាក់ខាតបូរណភាពទឹកដី ការពារជាតិមាតុភូមិ រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ស្មោះត្រង់ជាមួយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឥតងាករេ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើង ពីការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលធ្វើឲ្យប្រទេសមួយនេះ មានឈ្មោះបោះសម្លេងនៅលើឆាក់អន្តរជាតិ។
ជាក់ស្តែងនាពេលថ្មីៗនេះ ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស្រ៊ាន-អូស្ត្រាលី របស់សម្តេតតេជោ គឺជាជោគជ័យថ្មីថែមទៀត សម្រាប់ព្រះរាជាណាចក្រយើង ដោយបានវាយបំបាក់ឆ្អឹងខ្នងពួកអគតិមួយក្តាប់តូច ដែលមានបំណងប្រឆាំងវត្តមានរបស់សម្តេចតេជោ នៅអូស្រ្តាលី ដោយប្រជាជនយើងយ៉ាងច្រើនកុះករ មកទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់អស់ពីដូងចិត្ត។ លើសពីនេះទៀតរដ្ឋាភិបាលអូស្រ្តាលី ក៏បានសម្រេចផ្តល់ជំនួយចំនួន៨៧លានដុល្លារ (ដុល្លារអូស្រ្តាលី) ដល់ប្រទេសកម្ពុជាយើងទៀតផង។
នេះជាការបញ្ជាក់ឲ្យឃើញពីសន្តិភាព ពិតជាមានសារសំខាន់ណាស់សម្រាប់ជាតិសាសនាយើង។
ក្នុងឱកាសនោះដែរ លោក ម៉ប់ សារិន ក៏បានផ្តាំផ្ញើរឲ្យនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្កើតស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការល្អ ក្នុងកិច្ចការងារបូរភាពទឹកដី សូម្បីតែមួយមីលីម៉ែត្រ ទប់ស្លាត់បដិវត្តពណ៍របស់ពួកក្បត់ជាតិ និងការពារឲ្យបាននូវរាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចតេជោជាប្រមុខ។
លោក ម៉ប់ សារិន បានបញ្ជាក់ផងដែរថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំទៅចែកជូននាពេលនេះ រួមមាន៖
*ទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទទួលបានថវិកាចំនួន២០លានរៀល ក្នុងនោះមេបញ្ជាការ១រូប ទទួលបានថវិកាចំនួន៤សែនរៀល, មេបញ្ជាការរង នាយរងសេនាធិការកងពលចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល, នាយ នាយរងការិយាល័យ, នាយ នាយរងផ្នែក, មេបញ្ជាការ បញ្ជាការរង កងអនុសេនាធំ-តូច ចំនួន១១៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល, នាយទាហាន ពលទាហាន៧២២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល។
*ការងារសាងសង់មន្ទីរពេទ្យលើកទី២ចំនួន៣៥០០០ដុល្លារ។
*គ្រឿងឧបភោគ បរិភោគ មានមីចំនួន៦០០កេស តូចទឹកត្រីចំនួន៤០០យួរ ទឹកស៊ីអ៊ីវចំនួន៤០០យួរ ប្រេងម៉ាស៊ូត ៥០០០លីត្រ និងថ្នាំពេទ្យ២១មុខ។
*ជូនវរសេនាតូចអន្តរាគមន៍ចំនួន៥វរៈ ក្នុងនោះ ឧបត្ថម្ភដល់ទីបញ្ជាការវរទាំង៥ ក្នុងមួយវរៈ ទទួលបានថវិកាចំនួន១០លានរៀល។
*ជូនមេបញ្ជាការវរៈ ៥នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល ចំណែកមេបញ្ជាការរងវរៈ ជំនួយការសេនាធិការ មេបញ្ជា មេបញ្ជាការរង អនុសេនាធំ ចំនួន១៩៥នាក់ ក្នុងម្នាក់ៗ ចំនួន១០ម៉ឺនរៀល។
*នាយទាហាន ពលទាហាន៤៤០នាក់ ទាំង៥វរៈ ស្មើចំនួន២២០០នាក់ ក្នុងម្នាក់ៗ បាន៥ម៉ឺនរៀល។
*វរៈ៥ ដោយ១វរៈ ទទួលគ្រឿងឧបភោគ បរិភោគ មាន មីចំនួន ៣០០កេស ទឹកត្រី ២០០យួរ ទឹកស៊ីអ៊ីវ ២០០យួរ ប្រេងម៉ាស្ស៊ូត ៥០០លីត្រ។
*ថវិកាភូមិភាគទី១ ទទួលបាន៥លានរៀល។
*តំបន់សឹករងស្ទឹងត្រែង ១លានរៀល សាលាស្រុកសៀមប៉ាង១លានរៀល ផ្នែកសឹករងសៀមប៉ាង ៥០ម៉ឺនរៀល ប៉េអឹមស្រុកសៀមប៉ាង ៥០ម៉ឺនរៀល នគរបាលស្រុកសៀមប៉ាង ៥០ម៉ឺនរៀល ជូនឃុំ ៥០ម៉ឺនរៀល ជូនវត្តចំនួន២វត្ត ក្នុងមួយវត្ត ៣លានរៀល។
បន្ទាប់មក លោក ម៉ប់ សារិន ដឹកនាំប្រតិភូសាលារាជធានីភ្នំពេញ ពិនិត្យការដ្ឋានគិលានដ្ឋាន របស់កងពល ស្ថិតនៅអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត៕