(ត្បូងឃ្មុំ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងជំរុញបែបនេះ ក្នុងឱកាសលោក និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកអង្គសន្និបាតសុខាភិបាល ខេត្តត្បូងឃ្មុំ លើកទី៤ និងការពិនិត្យរួមគ្នាសមិទ្ធផលការងារ សុខាភិបាលក្នុងឆ្នាំ២០១៧ និងលើកទិសដៅ២០១៨ ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាព និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងខេត្តត្បូងឃ្មុំ យ៉ាងច្រើនកុះករ នៅសាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ។
តាមរបាយការណ៍សង្ខេបរបស់ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍កម្ម វិធីនយោបាយរបស់រាជរដ្ឋាភិបាល ស្តីអំពីប្រព័ន្ធគាំពារសង្គម ក្នុងនោះការប្រើប្រាស់សេវាវេជ្ជសាស្រ្ត របស់ប្រជាពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរាគ្មានទីពឹង នៅក្រោមកម្មវិធីមូលនិធិសមធម៌ ចំនួនពិគ្រោះជំងឺក្រៅ៦០១២ករណី និងសម្រាកពេទ្យចំនួន៨,៤៤៤ករណី នៅឆ្នាំ២០១៧ ក្នុងនោះមានសេវាពិនិត្យ ពិគ្រោះជំងឺក្រៅ សម្រាកព្យាបាល វះកាត់ធំ ករណីសំរាលកូន និងសេវាបញ្ជូនដោយរថយន្តគិលានសង្គ្រោះ។
លោកបន្តថា ចំពោះការផ្តល់សេវាថែទាំសុខភាព បានបន្តស្ថិតនៅលើមាគាវឌ្ឍនភាពតាមរយៈកំណើត នៃការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋ ក្នុងនោះករណីពិនិត្យជំងឺក្រៅមានចំនួនសរុប៣១,៥៧០នាក់ និងសំរាកព្យាបាលដោយមិនរាប់បញ្ជូលអ្នកជំងឺរបេងមានចំនួនសរុប ២៤,៣៩៥នាក់ ដែលក្នុងនោះមានករណីវះកាត់ធំចំនួន ៣,៩៨៦ករណី។
ដោយឡែក ចំពោះការសំរាលកូននៅមូលដ្ឋានសុខាភិបាល មានចំនួន ៦៤.៦២% នៃចំនួនស្ត្រីមានគភ៌រំពឹងទុក ២១,៦៦៦នាក់។ វឌ្ឍនភាពនេះនឹងធ្វើឲ្យអត្រាមរណមាតា និងទារកថយចុះថែមទៀត នៅក្នុងបណ្តាឆ្នាំខាងមុខ ខណៈដែលសេវាសម្ភព សង្គ្រោះបន្ទាន់ និងថែទាំទារកត្រូវបានពង្រីក ដើម្បីជួយសង្គ្រោះជីវិតស្រ្តីមានគភ៌ ប្រឈមនឹងគ្រោះថ្នាក់នៅពេលសំរាល និងទារកកើតមិនគ្រប់ខែ។
លោក ម៉ម ប៊ុនហេង និងលោក លី ឡេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលខេត្តត្បូងឃ្មុំទាំងអស់ នាពេលកន្លងមក ទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្ឃឹមថាក្នុងអង្គសន្និបាតនេះ មន្ដ្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរសុខាភិបាល ត្រូវខិតខំ ពិនិត្យ ពិចារណា ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បីដកស្រង់យកបទពិសោធន៍ល្អៗ ហើយត្រូវពិនិត្យអោយច្បាស់ នូវបញ្ហាប្រឈមនានា ដើម្បីយកទៅអនុវត្ដបន្ដ នៅតាមមូលដា្ឋនរបស់ខ្លួន ឲ្យបានជោគជ័យ និងមានប្រសិទ្ធិភាពលើការងារបន្ថែមទៀត។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការជំរុញអ្នកពាក់ព័ន្ធវិស័យសុខាភិបាលទាំងអស់ ចូលរួមពង្រឹងមូលនិធិសមធម៌ ដើម្បីគ្របដណ្ដប់សេវាសុខភាព ទៅដល់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ រួមជាមួយនឹងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួនបន្ថែមទៀត ក្នុងការបំពេញនូវចំនុចខ្វះខាតកន្លងមក ដោយមិនប្រកាន់ឋានៈ និងមុខងារ ធ្វើយ៉ាងណាឲ្យវិស័យសុខាក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស កាន់តែល្អប្រសើរថែមឡើងមួយកម្រិតទៀត៕