(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ឆ្នាំ២០១៨នេះ ក្រុងប៉ោយប៉ែត នឹងបង្ហាញខ្លួនក្នុងរូបរាងថ្មី មានភាពល្អប្រសើរជាងមុន ដើម្បីឱ្យស័ក្ដិសមជាក្រុងទេសចរណ៍ដ៏ទាក់ទាញបំផុត។
លោកបានបន្តថា បច្ចុប្បន្ននៅទីនេះ មានមជ្ឈមណ្ឌលកម្សាន្តដែលចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរជាច្រើន ក្នុងនោះមណ្ឌលទំនិញម៉ាកល្បីៗ កាស៊ីណូខ្នាតអន្តរជាតិ ភោជនីយដ្ឋានបែបទំនើប សណ្ឋាគារប្រណីត ជាពិសេសតំបន់កម្សាន្តអាងទឹកអូរខៃដនជាដើម។
ការថ្លែងបែបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ពេលលោកអនុញ្ញាតឲ្យ គណៈប្រតិភូ នាយក លោកគ្រូ អ្នកគ្រូ សិស្សានិសិស្ស នៃវិទ្យាល័យអរញ្ញាប្រៈថេប ស្រុកអរញ្ញាប្រៈថេប ខេត្តស្រះកែវ ប្រទេសថៃ ក្នុងឳកាសអញ្ជើញមកទស្សនកិច្ចនៅសាលាអន្តរជាតិ អេឡេហ្គឹន ប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកសំណេះសំណាលនៅក្នុងសាលាក្រុងប៉ោយប៉ែត។
លោក សាន ស៊ានហូ បានបញ្ជាក់ទៀតថា ការកែលម្អសោភ័ណភាព ក្នុងក្រុងប៉ោយប៉ែត មានគម្រោងអាទិភាពដូចជា ការរៀបចំសាងសង់រង្វង់ថ្មីមួយដ៏ស្រស់ស្អាត រំលេចដោយប្រាង្គប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ បន្ទាយស្រី ដើមត្នោត ព្រមទាំងឈ្មោះ នៃរាជធានីខេត្តទាំង២៥ របស់កម្ពុជាផងដែរ។ ក្រៅពីនេះ នៅមានគម្រោងធ្វើសួនច្បារ ដោយមានរំលេចផ្កា និងដើមត្នោត ចាប់ពីមាត់ច្រកទ្វារព្រំដែនរហូតដល់វត្តបាលិលេយ្យ ការពុះចែកទ្រូងផ្លូវ និងការរៀបចំតាំងលម្អភ្លើងជាដើម។ ដោយឡែក ចំពោះបញ្ហា សម្អាតផ្លូវថ្នល់ ការប្រមូលសំរាម និងការទុកដាក់សំរាម ក៏ជារឿងដែលត្រូវយកចិត្តទុកដាក់តាម រយៈការបំផុសចលនាចូលរួមពីប្រជាពលរដ្ឋ។
ចំពោះសាលាអេឡេហ្គឹន លោក សួង សុខហ៊ា ប្រធានសមាជិកក្រុមប្រឹក្សាអភិបាលបានថ្លែងថា សាលាអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមការផ្តួចផ្តើមដោយបុគ្គលិក៤រូបគឺ លោក ឈីម គន្ធា លោក សួង សុខហ៊ាង លោក អ៊ុយ សុខលី និងលោក ឃុន ជឿន ពោះយល់ឃើញថាវិស័យអប់រំពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍បុគ្គលគ្រប់រូប គ្រួសារ សង្គម ប្រទេសជាតិ និងពិភពលោក ។
លោកទាំង៤រូបបានថ្លែងថា ការសម្រេចចិត្តដាក់ឈ្មោះសាលារៀនរបស់ខ្លួនថា សាលាអន្តរជាតិអេឡេហ្គឹន ព្រោះអេឡេហ្គឹន ជាពាក្យភាសាអង់គ្លេស (Elegant) ដែលមានន័យជាភាសាខ្មែរថាទី១៖វាងវ័យ ទី២៖ស្រស់ប្រិមប្រិយប្រណិត ដោយយោងតាមវចនានុក្រមអង់គ្លេសខ្មែរមួយ។ ជាក់ស្តែងតាមការកំណត់របស់លោកទាំង៤ ឈ្មោះថា អេឡេហ្គឹន (Elegant) គឺមានន័យថាអាគារ សម្ភារៈរូបវន្ត គណៈគ្រប់គ្រង បុគ្គលិក គ្រូ កម្មវិធីសិក្សា និងសិស្សត្រូវតែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។
បន្ទាប់ពីបានសម្រេចយកឈ្មោះ អេឡេហ្គឹន (Elegant) លោកទាំងបួនត្រូវគិតពីរចនាសម្ព័ន្ធសាលាទាំងមូល និងសិក្សាពីចំណាយផ្សេងៗ ឆ្នាំរំពឹងពីការទទួលបានចំណេញ។ ខណៈនោះដែរ លោកទាំង៤រូបបានកំណត់ទីតាំងដើម្បីធ្វើការកសាងអាគារសិក្សាមួយខ្នងដែលមាន ៦០បន្ទប់នៅលើផ្ទៃដីជិត១ហិតា។ អាគារមួយខ្នងនេះ និងការបំពាក់សម្ភារៈ ត្រូវបានប្រើពេលសាងសង និងបំពាក់អស់រយៈ ១១ខែ ដោយបានធ្វើអោយមានការរងចាំយ៉ងអន្ទៈសារបំផុតដោយសារតែសាលាបានកំណត់ថ្ងៃសិក្សាមុនការសាងសងរួច៕