Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមប្រុងប្រយ័ត្ន! នគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទចរាចរណ៍លុយក្លែងក្លាយ

30-03-2018 14:32

(ស្វាយរៀង)៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍ព្រៃឆ្លាក់ បានឃាត់ខ្លួនពីបទចរាចរណ៍ប្រាក់រៀលក្លែងក្លាយ។

ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនាម៉ោង៨៖៣០នាទីព្រឹក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នគរបាលក្រុងស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋលក់ដូរ ថាមានបុរសម្នាក់ បានយកប្រាក់រៀលក្លែងក្លាយ ទៅទិញទំនិញ ទើបកម្លាំងនគរបាល ចុះទៅឃាត់ខ្លួនជនល្មើសបានភ្លាមៗ តែម្តង។

នគរបាលដដែលបានបន្តថា ជនរងគ្រោះមានឈ្មោះ រាជ សាវ៉ន ហៅយាយក្រិច ភេទស្រី អាយុ៧០ឆ្នាំ ស្នាក់នៅភូមិសាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ចំណែកជនសង្ស័យមានឈ្មោះ ភួង សាន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

វត្ថុតាងដកហូតបានរួមមាន៖ ក្រដាសថតចម្លងប្រាក់រៀលក្លែងក្លាយប្រភេទ១០,០០០រៀល ចំនួន១៩៨សន្លឹក ក្រដាស់ថតចម្លងប្រាក់រៀលក្លែងក្លាយប្រភេទ ៥,០០០រៀល ចំនួន ៥១សន្លឹក សរុបចំនួន២៤៩សន្លឹក ព្រមទាំងម៉ូតូ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕