(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌតម្រូវនៃការធ្វើពាណិជ្ជកម្មនាំចេញគោ ក្របីរស់ ដើម្បីពង្រឹងការគ្រប់គ្រងលើការចរាចរណ៏សត្វ និងទប់ស្កាត់ជំងឺឆ្លងសត្វ។
ក្រសួងកសិកម្មបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការលើកកម្ពស់គុណភាព និងសុខុមាលភាពសត្វ ស្របតាមស្តង់ដារនៃការធ្វើពាណិជ្ជកម្មនាំចេញគោ ក្របីរស់នោះ ក្រុមហ៊ុន និងអាជីវករដែលទទួលបានគោលការណ៍ អនុញ្ញាតពីក្រសួង ត្រូវតែបំពេញនីតិវិធី និងលក្ខខណ្ឌដូចខាងក្រោម៖
* ជាក្រុមហ៊ុនស្របច្បាប់ ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់សុខភាព
* ត្រូវមានទីតាំងប្រមូលផ្តុំ និងបំប៉នសត្វ ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
* ត្រូវចុះកិច្ចសន្យាបច្ចេកទេស ជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវធានាអនុវត្តកិច្ចសន្យានេះ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងការធ្វើចត្តាឡីស័ក
* ត្រូវអនុវត្តលក្ខខណ្ឌបង្ការជំងឺឆ្លង ជាពិសេសការតម្រូវចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម ឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស
* ត្រូវអនុវត្តតាមប្រកាសលេខ២២៧ ប្រក.កសក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីបែបបទនៃការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វក្នុងស្រុក
* ត្រូវអនុវត្តតាមប្រកាសលេខ៣៦០ ប្រក.កសក ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ ស្តីពីការគ្រប់គ្រង និងដាក់ឲ្យប្រើប្រាស់ស្លាកលេខសម្គាល់សត្វចតុប្បាទ
ក្រសួងកសិកម្មបានបញ្ចាក់ថា ក្រុមហ៊ុន និងអាជីវករ ត្រូវតែសហការបំពេញនូវបែបបទ ជាមូយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ពីពេលនេះរហូតដល់ ខែកក្កដា ឆ្នាំ២០១៨ ហើយក្រសួងមិនទទួលខុសត្រូវ ចំពោះក្រុមហ៊ុន ឬអាជីវករដែលមិនបានបំពេញ តាមការណែរនាំខាងលើ ចាប់ពីខែសីហា ឆ្នាំ២០១៨តទៅ៕