(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរការ នព្វស័ក្ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំ ក្រុមការងារ រៀបចំបញ្ជីគម្រោងអាទិភាព ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការរៀបចំ ផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី២១ «ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ -One Belt One Road» ដោយមានការចូលរួមសំណាក់ សមាជិកសមាជិកា នៃក្រុមការងារ ដែលជាតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។
លោក វង្សី វិស្សុត មានថ្លែងថា «កម្ពុជាយើង ត្រូវរៀបចំ និងសម្រិតសម្រាំងបញ្ជី គម្រោងអាទិភាពក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់មួយ-ផ្លូវមួយនេះ ឲ្យបានល្អ, មានលក្ខណៈ ជាយុទ្ធសាស្រ្ត, ប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ដើម្បីកម្ពុជា អាចទាញយកប្រយោជន៍ជាអតិបរមាពីគម្រោងទាំងនេះ សម្រាប់បម្រើឲ្យសេចក្តីត្រូវការ នៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច -សង្គម របស់ខ្លួន នៅក្នុងរយៈពេលមធ្យម និងវែងទៅថ្ងៃមុខ ក៏ដូចជាដើម្បីបង្ហាញនូវតួនាទីដ៏សំខាន់ របស់កម្ពុជា នៅក្នុងក្របខ័ណ្ឌនៃខ្សែក្រវ៉ាត់មួយ-ផ្លូវមួយនេះ ជាពិសេសនៅក្នុង តំបន់អាស៊ាន»។
លោកថា ក្នុងន័យនេះ ក្នុងការជ្រើសរើសគម្រោង, យើងត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌវិនិច្ឆ័យទាំងឡាយ ឲ្យបានម៉ត់ចត់ និងប្រយ័ត្នប្រយែងបំផុត ពិសេសត្រូវយកចិត្តទុកដាក់ ដល់ផលចំណេញ ខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់គម្រោង ដោយផ្សារភ្ជាប់ការគិតគូរផងដែរដល់បញ្ហាបរិស្ថាន និងសង្គម ហើយត្រូវតែជាគម្រោង ដែលចំអាទិភាពរបស់រាជរដ្ឋាភិបាល ដោយផ្តោត ជាសំខាន់ដល់ការធ្វើសមាហរ័ណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោក ហើយនាំមកនូវការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើក តម្កើងជីវភាពរបស់ប្រជាជនទូទៅ ឲ្យបានកាន់តែឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។
លោក វង្សី វិស្សុត បានស្នើសុំដល់សមាជិក សមាជិកា ដែលជាតំណាងមកពីក្រសួងពាក់ព័ន្ធរៀបចំ និងស្នើឡើងនូវបញ្ជីគម្រោង ឲ្យបានឆាប់រហ័ស ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច សម្រាប់ត្រៀមដាក់ជូនថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរផ្តល់ការអនុម័តនៅក្នុងពេលខាងមុខ។
គួរបញ្ជាក់ដែរថា គំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ត្រូវបានប្រទេសចិនប្រកាសជាផ្លូវការក្នុងឆ្នាំ ២០១៣ ហើយប្រទេសកម្ពុជា បានបង្ហាញនូវគោលជំហរគាំទ្រ គំនិតផ្តួចផ្តើមនេះ ភ្លាម ចាប់តាំងពីពេលនោះមក។ ភាគីទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការរៀបចំចំណុចគោល នៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តម XI Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
បន្ទាប់មក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ភាគីទាំងពីរបានចុះហត្ថលេខាបន្ថែមទៀតលើ ផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតលើគម្រោងនៃវិស័យអាទិភាពចំនួន ៧ រួមមាន៖
១៖ វិស័យហេដ្ឋារចនាសម័្ពន្ធ ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន, ទូរគមនាគមន៍ បណ្តាញ និងបច្ចេកវិទ្យាអវកាស និងថាមពល, ២៖ កសិកម្ម, ៣៖ ការកសាងសមត្ថភាព, ៤៖ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ៥៖ វប្បធម៌ និងទេសរចណ៍, ៦៖ ហិរញ្ញវត្ថុ, និង ៧៖ ការពារអេកូបរិស្ថាន។ គម្រោងទាំងនេះ អាចស្នើឡើងភាគីរដ្ឋាភិបាលនៃប្រទេសទាំងពីរផង និងវិស័យឯកជននៃប្រទេសទាំងពីរផង។
ក្រោយពេលផ្តល់ការអនុម័ត ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររួច គម្រោងអាទិភាពទាំងនេះ នឹងទទួលបានការគាំទ្រ ផ្នែកហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ ទាំងឡាយ របស់រដ្ឋា ភិបាលចិន រួមទាំងវិស័យឯកជនរបស់ចិនផងដែរ។ គិតមកត្រឹមពេលនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ០២ គម្រោង ត្រូវបានផ្តល់ការអនុម័តរួចហើយ ដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ គឺគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងសាងសង់ព្រលាន្តយន្តហោះសៀមរាបថ្មី
កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់មួយ-ផ្លូវមួយនេះ នឹងដើរតួនាទីជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី សម្រាប់ តំបន់ និងពិភពលោក ដែលនឹងផ្តល់ផលប្រយោជន៍ ដល់បណ្តាប្រទេសទាំងឡាយដែលពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការតភ្ជាប់ដោយហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែករឹង និងផ្នែកទន់៕