(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ លោក ស្យុង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំទី១ របស់ប្រទេសកម្ពុជា ហើយក៏ជាប្រទេស ដែលបានបណ្តាក់ទុនវិនិយោគច្រើនជាងគេបង្អស់ផងដែរ។
លោក ស្យុង ប៉ូ បានឲ្យដឹងថា តាមស្ថិតិរបស់ភាគីចិន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួនជាង៥ពាន់លានដុល្លារអាមេរិក។ ចំនួននេះ បានសម្រេចទៅតាមគោលដៅ ដែលកំណត់ដោយរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានឡើងដល់៥,៧៩០លានដុល្លារអាមេរិក គឺបានកើនឡើង២១.៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦។
ឯកអគ្គរដ្ឋទូតចិនរូបនេះ បានបញ្ជាក់ថា «បើតាមស្ថិតិរបស់ភាគីកម្ពុជា បានឲ្យដឹងថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទី១របស់ប្រទេសកម្ពុជា ហើយក៏ជាប្រទេស ដែលបានបណ្តាក់ទុនវិនិយោគច្រើនជាងគេបង្អស់ របស់ប្រទេសកម្ពុជា ជាច្រើនឆ្នាំបន្តបន្ទាប់គ្នា»។
លោក ស្យុង ប៉ូ បានលើកឡើងទៀតថា នៅឆ្នាំ២០១៧ កន្លងទៅនេះ ភ្ញៀវទេសចរចិន ដែលបានមកប្រទេសកម្ពុជា បានកើនឡើងដល់ទៅ១,២១០,០០០នាក់ គឺកើនឡើងជិត៤៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦ ហើយប្រទេសចិន បានក្លាយទៅជាប្រទេស ប្រភពទេសចរអន្តរជាតិ ច្រើនជាងគេរបស់ប្រទេសកម្ពុជា។
លោកបន្ដថា «ប្រទេសយើងទាំងពីរ ក៏បានធ្វើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអគ្គិសនី កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម ដែលបានរួមវិភាគទានយ៉ាងសកម្ម នៅក្នុងការជំរុញឲ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាមានការអភិវឌ្ឍទៅមុខ និងបានចូលរួមកែលម្អកម្រិតជីវភាព រស់នៅរបស់ប្រជាជនកម្ពុជាផងដែរ»។
សូមជម្រាបថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា វិនិយោគិនចិនបានឈរលំដាប់ទី១ ដែលបានបណ្តាក់ទុនរកស៊ី នៅកម្ពុជាច្រើនជាងគេ ដែលរហូតដល់ជិត១៥ប៊ីលានដុល្លាអាមេរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងយ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ១៩៩៤ មកវិនិយោគិនចិនឈរនៅលំដាប់ទី១ ក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេស ដោយបានបណ្តាក់ទុន នៅកម្ពុជា ប្រមាណជិត១៥ប៊ីលានដុល្លារអាមេរិក»។
វិនិយោគិនចិនភាគច្រើន មកបណ្តាក់ទុកនៅកម្ពុជាដោយ ផ្តោតលើវិស័យថាមពល ឧស្សាហកម្មកាត់ដេរ ធនាគារ និងហិរញ្ញវត្ថុ ទូរគមនាគមន៍ សំណង់និងអចលនទ្រព្យ ទេសចរណ៍ និង វិស័យកសិកម្ម ជាដើម៕