(ភ្នំពេញ)៖ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានបើកការដ្ឋានសាងសង់ផ្លូវការមួយនូវអគារ «មជ្ឈមណ្ឌលនវានុចវត្តន៍» ក្រោមចំណុះរបស់វិទ្យាស្ថានជាតិ NIPTICT សម្រាប់ជាថ្នាលបណ្តុះបណ្តាលចំណេះដឹងនិស្សិតនៅកម្ពុជា ផ្នែកបច្ចេកវិទ្យា គម្រោងចំណាយទឹកប្រាក់សាងសង់ជិត៤លានដុល្លារអាមេរិក។
ពិធីបើកការដ្ឋានសាងសង់អគារ «មជ្ឈមណ្ឌលនវានុចវត្តន៍» នៃវិទ្យស្ថានជាតិ NIPTICT នេះ មានការចូលរួមជាអធិបតីពីសំណាក់ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT រួមនឹងថ្នាក់ដឹកនាំជាច្រើននាក់ទៀត នៃក្រសួងប្រៃសនីយ៍ផងដែរ។
លោក ត្រាំ អ៊ីវតឹក ក៏បានលើកឡើងថា «ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលមានសមត្ថភាពជំនាញខ្ពស់ លើកកំពស់ការច្នៃប្រឌិតដោយផ្អែកលើបច្ចេកវិទ្យាឆ្លាតវៃ និងផ្តល់នូវបរិយាកាសស្រាវជ្រាវរួមគ្នា រវាងស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងវិស័យឯកជន ក៏ដូចជាបង្កើនធនធានចំណេះដឹង ផ្នែកបច្ចេកវិទ្យាក្នុងស្រុក ដើម្បីរួមចំណែកបង្កើនការប្រកួតប្រជែងខាងសេដ្ឋកិច្ចជាមួយប្រទេសនានា ក្នុងតំបន់កម្ពុជាត្រូវការបង្កើតនូវយន្តការភ្ជាប់ទំនាក់ទំនង រវាងស្ថាប័ន៣គឺ រដ្ឋាភិបាល ស្ថាប័នអប់រំ និងវិស័យឯកជន។ ការបង្កើត «មជ្ឈមណ្ឌលនាវានុវត្តន៍» នេះនឹងក្លាយជាទីកន្លែងគំរូសម្រាប់ការអនុវត្តន៍ នូវយន្តការភ្ជាប់ទំនាក់ទំនងទាំង៣នេះ»។
លោកក៏បានបន្តថា អគារ «មជ្ឈមណ្ឌលនវានុចវត្តន៍» នេះត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើវិស័យ ICTដែលជាមូលនិធិកើតចេញពីការបង់ប្រាក់ចំណូលដុល ១ភាគរយ របស់ប្រិត្តិបត្តិករទូរគមនាគមន៍នៅកម្ពុជា។
សូមជម្រាបជូនថា មូលនិធិនៃការកសាងសមត្ថភាព និងការសា្រវជា្រវ និងការអភិវឌ្ឍន៍ លើវិស័យ ICT ដែលហៅកាត់ថា (មូលនិធិ ស.អ) នេះ មានគោលដៅចម្បងចំនួន៣ គឺ៖
១៖ ជំរុញការអភិវឌ្ឍន៍ធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
២៖ ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ «នវានុវឌ្ឍន៍» ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
៣៖ ជំរុញការបង្កើតអាជីវកម្មថ្មីៗ ខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
ចំណែក លោក សេង សុភាព ប្រធាន NIPTICT បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «អគារមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ទីមួយសម្រាប់កម្ពុជា ខាងផ្នែក ICT ដែលបង្កើតឡើងក្រោមការប្រើប្រាស់មូលនិធិស្រាវជា្រវកសាងសមត្ថភាព របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ហើយមជ្ឈមណ្ឌលនេះ នឹងផ្តល់ផលប្រយោជន៍ដល់និស្សិត និងសាធារណៈជនទូទៅ ក្នុងការសិក្សាស្រាវជា្រវ ចាប់ផ្តើមធុរកិច្ច ក្នុងវិស័យបច្ចេកវិទ្យា និងការបង្ហាញពីភាពថឆ្នៃប្រឌិតរបស់ពួកគេ»។
លោកបានបន្តថា អគារ «មជ្ឈមណ្ឌលនវានុចវត្តន៍»នេះ ត្រូវបានសាងសង់ដោយចំណាយទឹកប្រាក់ជិត៤លានដុល្លារអាមេរិក ដោយប្រើប្រាស់ពេលវេលា១៨ខែ (មួយឆ្នាំកន្លះ) ។
លោកក៏បានបញ្ជក់ទៀតថា អគារមជ្ឈមណ្ឌលនាវានុវត្តន៍ មានកម្ពស់៤ជាន់ និងមាទំហំអគារសរុប ៧៥០០ម៉ែត្រក្រឡា នឹងក្លាយជាកន្លែងសម្រាប់ការស្រាវជា្រវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា កន្លែងពិសោធន៍សម្រាប់និស្សិត IT កន្លែងធ្វើការរួមគ្នា (Coworking Space) សាលសន្និសីទ-ប្រជុំ និងពិព័រណ៌ មជ្ឈមណ្ឌលទិន្នន័យ ការិយាល័យសម្រាប់ក្រុមហ៊ុន ទីភ្នាក់ងាររដ្ឋាភិបាល និងជម្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនបច្ចេកវិទ្យា ក្នុងយុគសម័យឌីជីថល៕